ត្រីច្លុក មានដើមកំណើតពីតំបន់ទឹកភ្លាវ និងសមុទ្រ ចូលមករស់នៅក្នុងទន្លេមេគង្គ ពេលធំពេញវ័យ

24/08/2020 10:29 am កំពង់ចាម

រូបភាពខាងលើនេះ គឺជាត្រីច្លុក ទម្ងន់ជាង ៤គីឡូក្រាម ដែលអ្នកនេសាទចាប់បានពីក្នុងទន្លេមគង្គ យកមកលក់ក្នុងផ្សារមួយ ក្នុងខេត្តកំពង់ចាម។ ក្រុមការងាររបស់គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានជួបត្រីច្លុកនេះ ក្នុងពេលចុះសិក្សាស្រាវជ្រាវអំពី «ភាពចម្រុះនៃរូបរាងរបស់ត្រី នៅក្នុងប្រព័ន្ធទន្លេមេគង្គ» កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០។ 
 
ត្រីច្លុក (អន្ទង់យក្ស) មានឈ្មោះវិទ្យាសាស្ត្រ (Anguilla marmorata) និងឈ្មោះជាភាសាអង់គ្លេស Giant mottled eel ។ ត្រីច្លុក មានស្តង់ដាប្រវែងដងខ្លួនសរុប វែង ឬខ្លីទៅតាមភេទ។ ត្រីច្លុកឈ្មោល មានស្តង់ដាប្រវែងសរុប ៧០ ស.ម ខណៈត្រីច្លុកញី អាចមានស្តង់ដាប្រវែងដងខ្លួនសរុបដល់ទៅ ២០០ ស.ម និងទម្ងន់អតិបរមាជាង ២០គីឡូក្រាម។
 
ត្រីច្លុក ជាប្រភេទត្រីដែលមានដើមកំណើតពីតំបន់ទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងទឹកសមុទ្រ ខណៈពេលដែលវាធំពេញវ័យ ក៏ធ្វើចរាចរផ្លាស់ទីចូលមករស់នៅក្នុងតំបន់ទឹកសាប ក្នុងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ព្រមទាំងបឹងទន្លេសាបផងដែរ។ ជាប្រភេទមំសាសី  ត្រីច្លុក ធ្វើសកម្មភាពនាពេលយប់ ដើម្បីចាប់ ក្តាម កង្កែប ត្រី ជន្លេន  និងវារិសត្វផ្សេងៗ ទៀតជាចំណី។ 
 
បច្ចុប្បន្ននេះ ត្រីច្លុក មិនត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទត្រីរងគ្រោះដូចប្រភេទត្រីផ្សេងធំៗដទៃទៀតទេ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ហាក់កម្រឃើញអ្នកនេសាទចាប់វាបានណាស់។ ការបាត់វត្តមានរបស់វានេះ អាចបណ្តាលមកពីការនេសាទហួសកម្រិត ការបំពុលបរិស្ថានទឹក និងបញ្ហាផ្សេងៗ ទៀតផងដែរ៕
 

ព័ត៌មានទាក់ទង