កសិករ​នៅ​មណ្ឌលគិរី អាច​ប្រមូល​ផល​ការ៉ុត និង​ដំឡូងបារាំង​បាន​៤​ដង​ក្នុង​មួយឆ្នាំ​

21/08/2020 5:00 pm មណ្ឌលគីរី

ដំណាំ​ការ៉ុត និង​ដំឡូងបារាំង ដែល​ត្រូវបាន​ដាំ​ដុះ​ដោយ​កសិករ គ្រី ម៉េង​ឈាង នៅក្នុង​ខេត្តមណ្ឌលគិរី អាច​ប្រមូល​ផល​បាន​៤​ដង ក្នុង​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ក្រសួង​ព័ត៌មាន​។​



​តាម​ប្រភព​ដដែល លោក គ្រី ម៉េង​ឈាង បាន​ដាំ​ដុះ​ការ៉ុត និង​ដំឡូងបារាំង​ដែលជា​ដំណាំ​សុ​ត្ថិ​ភាព នៅលើ​ផ្ទៃដី​ជិត​២​ហិកតា នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ លោក ម៉េង​ឈាង​ថា លោក​អាច​ប្រមូល​ផល​ការ៉ុត និង​ដំឡូងបារាំង បាន ពី ៨​ទៅ ១០​តោន ក្នុង​មួយ​លើកៗ ជាមួយនឹង​តម្លៃ​ចន្លោះ ៦ ០០០​រៀល ទៅ ៧ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

​បណ្តា​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ គឺជា​ទីផ្សារ​ចម្បង​នៃ​ការ៉ុត និង​ដំឡូងបារាំង របស់ កសិករ​ម៉េង​ឈាង​។ កសិករ​រូបនេះ បញ្ជាក់​ដូច្នេះ​រួច​បន្តថា លោក​មិនដែល​ព្រួយបារម្ភ​រឿង​ខ្វះ​ទីផ្សារ​នោះទេ​។ គេហទំព័រ​ក្រសួង​ព័ត៌មាន​បាន​ស្រង់​សម្តី លោក គ្រី ម៉េង​ឈាង ដូច្នេះ​ថា​៖«​ដោយសារ​មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​បរិភោគ និង​ទទួលស្គាល់ថា​បន្លែ​របស់​លោក​ជា​បន្លែ​សុវត្ថិភាព ទោះបីជា​ផលិត​ក្នុង​បរិមាណ​ប៉ុណ្ណា ក៏​មិន​ព្រួយបារម្ភ​ពី​ទីផ្សារ​ដែរ​។ ម្យ៉ាង​ទីផ្សារ​បន្លែ​ប្រភេទ​នេះ​ខ្ពស់ និង​មាន​អ្នក​ដាំ​តិចតួច​ប៉ុណ្ណោះ​នៅ​មណ្ឌលគិរី​»​។​

​តាម កសិករ ម៉េង​ឈាង   ការដាំ​បន្លែ​នេះ គឺមាន​ការគាំទ្រ​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត តាមរយៈ​ការផ្គត់ផ្គង់​ពូជ និង​ផ្តល់​បច្ចេកទេស​កសិកម្ម​បែប​ទំនើប​។ បច្ចេកទេស​ទាំងនោះ មានដូចជា ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក និង​សាច ការប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​។ មិនតែប៉ុណ្ណោះ មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​បាន​ចុះ​បង្រៀន​ឲ្យ​កសិករ ចេះ​សន្សំ និង​ផលិត​ជីធម្មជាតិ ដូចជា​ជីកំប៉ុស ជី​អាចម៍មាន់ ជី​អង្កាម និង​ថ្នាំ​សម្លាប់​សត្វល្អិត​តាមបែប​ធម្មជាតិ​ផងដែរ​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​ដដែល​៕

ព័ត៌មានទាក់ទង