ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ទេសចរ​ជាង​១​ម៉ឺន​នាក់ ក្នុង​រយៈពេល​៤​ថ្ងៃ

21/08/2020 3:00 pm ត្បូងឃ្មុំ

រយៈពេល​៤​ថ្ងៃ នៃ​ការឈប់​សម្រាក​ជំនួស​ឲ្យ​ថ្ងៃ​ចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​សរុប​ចំនួន ១៥ ៦៩៤​នាក់ ហើយ​ក្នុងនោះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹម​១២​នាក់​ប៉ុណ្ណោះ បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​។​



​តាម​របាយការណ៍​ដដែល តំបន់​ទេសចរណ៍​ចំនួន​៨​កន្លែង​ដូចជា ទឹកធ្លាក់​ហោង ភូមិ​នេសាទ​(​មាត់​ឃ្មង់​) ហ្លួង​ស្ដេច​កន ភូមិ​អភិវឌ្ឍ​អន្លង់​ជ្រៃ ប្រាសាទព្រះធាតុ​បា​ស្រី សួន​កម្សាន្ត​ធម្មជាតិ​ទឹក​ហូ​អូរ​ក្ដូ​ង តា​សែ​ដូងក្រអូប និង​ចំការ​ឈូក​រត្ន មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​រយៈពេល​៤​ថ្ងៃនេះ​។

​រយៈពេល​៤​ថ្ងៃ នៃ​ការឈប់​សម្រាក​នេះ ភ្ញៀវទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ហោង​មាន​ចំនួន ២០៨០​នាក់​, ភូមិ​នេសាទ​(​មាត់​ឃ្មង់​) មាន​ចំនួន​៤០០​នាក់​, ហ្លួង​ព្រះស្ដេច​កន មាន​ចំនួន​២៩៧​នាក់​, ភូមិ​អភិវឌ្ឍ​អន្ទង់​ជ្រៃ មាន​ចំនួន​៣២៧០​នាក់​, ព្រះ​ធាតុ​បា​ស្រី មាន​ចំនួន​២២៣​នាក់​, សួន​កម្សាន្ត​ធម្មជាតិ​ទឹក​ហូរ​អូរ​ក្ដូ​ង មាន​ចំនួន​១៨២០​នាក់​, តា​សែ​ដូងក្រអូប មាន​ចំនួន​២០១០​នាក់ និង​ចំការ​ឈូក​រត្ន​ន៍ មាន​ចំនួន​៥២៨៣​នាក់​។ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹម​១២​នាក់​ប៉ុណ្ណោះ បានមក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ហ្លួង​ស្ដេច​កន និង​ភូមិ​អភិវឌ្ឍ​អន្ទង់​ជ្រៃ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​។

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា អំឡុងពេល​ឈប់សម្រាក​នេះ ខេត្ត​ត្បូងឃ្មុំ បាន​កើនឡើង​ភ្ញៀវទេសចរ​ជិត​១​ពាន់​នាក់​ក្នុង​មួយថ្ងៃ ដោយ​ថ្ងៃទី​១ មាន​ភ្ញៀវទេសចរ​ចំនួន​២៤៨៣​នាក់ ហើយ​ថ្ងៃទី​២ មាន​ភ្ញៀវទេសចរ​ចំនួន​៣៣៤១​នាក់ ថ្ងៃទី​៤ មាន​ភ្ញៀវទេសចរ​ចំនួន​៤២៩៣​នាក់ និង​ថ្ងៃទី​៤ មាន​ភ្ញៀវទេសចរ​ចំនួន​៥៥៧៧​នាក់​៕

ព័ត៌មានទាក់ទង