កសិករ​ជោគជ័យ ស៊ឹម សុជាតិ​៖ «​ថែទាំ​ទុរេន​ឲ្យ​បានល្អ ប្រៀបដូចជា​ការថែទាំ​ប្រពន្ធ​កូន​»

18/08/2020 11:00 am ពោធិ៍សាត់

​ពោធិ៍សាត់​៖ ដំណាំ​ទុរេន ជា​ដំណាំ​ផ្ដល់នូវ​ប្រាក់ចំណូល​ខ្ពស់​ដល់​ប្រជាកសិករ ដែល​ដាំ​ដុះ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។ លោក ស៊ឹម សុជាតិ កសិករ​ដាំ​ទុរេន​នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង អះអាងថា ការថែទាំ​ទុរេន​ឲ្យ​បានល្អ ប្រៀបដូចជា​ការថែទាំ​ប្រពន្ធ​កូន​។ បើតាម​កសិករ​រូបនេះ ទុរេន​ចំនួន ៥៣​ដើម ផ្ដល់​ផល​ចំនួន ១២​តោន ដែល​អាច​រកចំណូលបាន​ជិត ៥​ម៉ឺន​ដុល្លារ​។



​លោក ស៊ឹម សុជាតិ ជា​កសិករ​មួយរូប នៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​ដាំ​ដុះ​ដំណាំ​ទុរេន​។ កសិករ​រូបនេះ ក៏​ជា​គ្រូ​បច្ចេកទេស​កសិកម្ម​មួយរូប ដែល​តែង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នៃ​ការដាំ​ដំណាំ​ទុរេន​ដល់​ប្រជាកសិករ​។ តាមរយៈ​ចំណេះដឹង និង​ការ​ប្រឡូក​ផ្ទាល់​ជាមួយ​ការងារ​ជា​កសិករ​ដាំ​ដុះ​ទុរេន បានធ្វើ​ឲ្យ​លោក ស៊ឹម សុជាតិ ជា​កសិករ​ជោគជ័យ​មួយរូប​លើ​ដំណាំ​ទុរេន​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក ស៊ឹម សុជាតិ ម្ចាស់​ចម្ការ​ទុរេន​នៅ​អូរ​សោម ខេត្តពោធិ៍សាត់​ដូចតទៅ​៖ 
 

​បើតាម​កសិករ ស៊ឹម សុជាតិ ផ្លែ​ទុរេន​នៅក្នុង​ចម្ការ​របស់លោក មាន​ទម្ងន់​ចាប់ពី ៥-១៩​គីឡូក្រាម​។ លោក សុជាតិ អះអាងថា ដើម្បី​ឲ្យ​ទុរេន​ផ្ដល់​ផ្លែ​ល្អ ទាមទារ​បច្ចេកទេស​ច្បាស់លាស់ និង​ត្រូវ​ដឹង​ពី​ចរិត​របស់​ទុរេន​។ «​ការថែទាំ​ទុរេន ក៏ដូចជា​ការថែទាំ​ប្រពន្ធ​កូន​អញ្ចឹង ២៤​ម៉ោង​នៅលើ​វា​។ មុននឹង​យើង​ឲ្យ​អ្វី​ទៅ​វា ត្រូវ​មើល​វា​សិន ថា​វា​ចង់បាន​អ្វី​»​។ នេះ​ជាការ​លើកឡើង​របស់​ក​សិ​ករ ស៊ឹម សុជាតិ​។​

​លោក សុជាតិ ដាំ​ទុរេន​អស់​រយៈពេល ៨​ឆ្នាំ​មកហើយ​។ កសិករ​រូបនេះ ចង់​ពង្រឹង​ចំណេះ​ជំនាញ​ពី​ការដាំ​ទុរេន​នេះ ដល់​កសិករ​ដទៃ​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មានចិត្ត​ចង់​ពង្រឹង​វិស័យ​កសិកម្ម​លើ​ដំណាំ​ទុរេន​នេះ​ខ្លាំង​មែនទែន ដោយសារ​ទុរេន​មាន​ទីផ្សារ​ខ្ពស់ និង​តម្រូវ​ការមិន​គ្រប់គ្រាន់​ទៅលើ​អតិថិជន​»​។ 



​ទុរេន​នៅក្នុង​ចម្ការ​របស់លោក ស៊ឹម សុជាតិ គឺ​ប្រើប្រាស់​ជីធម្មជាតិ ដែល​ផលិត​ដោយ​ខ្លួនឯង​។ លោក សុជាតិ ចង់​ឲ្យ​កសិករ​ដាំ​ទុរេន​ប្រភេទ​ម៉ាន់​ថង ប្រសិនបើ​ដាំ​ចង់បាន​លុយ គឺ​មានតែ​ទុរេន «​ម៉ាន់​ថង​»​ទេ​។ សូមបញ្ជាក់ថា បច្ចុប្បន្ន ទុរេន​នៅ​តំបន់​អូរ​សោម មាន​ចំនួន​ជាង​១០​ម៉ឺន​ដើម​៕ 


​​​


ព័ត៌មានទាក់ទង