«​ទឹកធ្លាក់​ព្រះ​និមិត្ត​» អេកូ​ទេសចរណ៍​អច្ឆរិយ​ដែល​ធ្វើ​ឲ្យ​អ្នកទេសចរ​រំភើបចិត្ត​

18/08/2020 9:00 am ស្ទឹងត្រែង

ស្ទឹងត្រែង​៖ «​ទឹកធ្លាក់​ព្រះ​និមិត្ត​» ហាក់បីដូចជា​ឈ្មោះ​មួយ​ដ៏​ចម្លែក ដែល​ព្រះ​បាន​និមិត្ត​ឡើង ក្នុង​តំបន់​សក្ដានុពល​អេកូ​ទេសចរណ៍ ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ​។ ព្រះ​និមិត្ត ឬ​ល្បាក់ខោន បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ភ្ញៀវទេសចរ​ទាំងនោះ​សប្បាយ​នឹង​ការ​ផ្តិត​យក​រូបភាព​ទឹកធ្លាក់​ដ៏​អស្ចារ្យ​អម​ជាមួយនឹង​បរិយាកាស​ដ៏​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ពួកគាត់​ស្រស់ស្រាយ និង​បង្កើតបានជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បានឡើយ​។​



សូម​លោក អ្នកនាង អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

កញ្ញា ងួន ឡោ​លី ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ បាន​មកលេង​ទឹកធ្លាក់​ព្រះ​និមិត្ត​ជាមួយ​ក្រុមគ្រួសារ​១០​នាក់ បាន​រៀប​រាប់ទាំង​រំភើប​ថា កញ្ញា​មាន​អារម្មណ៍​ស្រស់ស្រាយ ជាមួយនឹង​បរិយាកាស​ល្អ ខ្យល់​ត្រជាក់ សំឡេង​ទឹក​ហូរ និង​សម្រស់​របស់​ទឹកធ្លាក់​ព្រះ​និមិត្ត​នេះ​។​
 
​កញ្ញា ឡោ​លី ដែល​ធ្លាប់តែ​ឃើញ​រូបភាព​ដែល​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម បាន​ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​ទឹកជ្រោះ​ព្រះ​និមិត្ត​ស្អាត​មែនទែន ដំបូង​ខ្ញុំ​គិតថា ប្រហែល​មិនមាន​ទេសភាព​ស្អាត​អីចឹង​ទេ ប៉ុន្តែ ពេលមកដល់​ទេសភាព គឺ​ស្រស់ស្អាត​។ ពីមុន​ធ្លាប់​ឃើញ​គេ​បង្ហោះ​ដែរ ប៉ុន្តែ មកដល់​ផ្ទាល់ គឺ​ស្រស់ស្អាត​ជាង​»​។​
 
«​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ខ្ញុំ​មិនបាន​ដឹង​ទេ​ថា មាន​ទឹកធ្លាក់​អច្ឆរិយ​ដូចនេះ​នៅ​កម្ពុជា​។ ខ្ញុំ​គិតថា ទីនេះ​នឹងមាន​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​កម្សាន្ត​»​។ កញ្ញា Laura Dehaene  អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ WWF បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ដូ​ច្ន​ជ នៅពេលដែល​នាង​បានឃើញ​ទេសភាព​ទឹកធ្លាក់​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​
 
​កញ្ញា​ជនជាតិ​ប៊ែ​ល​ហ្សិ​ក ដែល​ចូលរួម​ក្នុង​ដំណើរ​ទស្ស​និច្ច​លើកដំបូង​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ទៅកាន់​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ (MFF) សម្រាប់​វិស័យ​ទេសចរណ៍ធម្មជាតិ ដែល​សហការ​រៀបចំ​ដោយ​អង្គការ WWF កម្ពុជា និង​អង្គការ NTFP-EP រូបនេះ គិតថា នៅ​កម្ពុ​ជាមាន​តំបន់​សក្ដានុពល​អេកូ​ទេសចរណ៍​ស្រស់ស្អាត​ជាច្រើន​ទៀត ក្រៅពី​ទឹកធ្លាក់​ព្រះ​និមិត្ត ឬ​ល្បាក់ខោន នេះ​។​
 
​ទឹកធ្លាក់​ព្រះ​និមិត្ត ឬ​ល្បាក់ខោន ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង មាន​ចម្ងាយ​ជាង​១៤០​គីឡូម៉ែត្រ ភាគ​ខាងជើង​ឆៀង​ខាងលិច​ពី​ទី​រួម​ខេត្តព្រះវិហារ ដោយ​ជាប់​នឹង​ព្រំដែន​របស់​ប្រទេស​ឡាវ នេះ នា​រដូវប្រាំង​ទឹក​ស្រក​ខ្លាំង រំ​លេង​ចេញ​ផ្ទាំង​ថ្ម​រដិបរដុប​ដែលមាន​ទឹក​ហូរ​ធ្លាក់​គួរឱ្យ​ចង់​ទស្សនា​។ រីឯ រដូវវស្សា​ទឹកទន្លេ​ឡើង​ខ្លាំង​បង្កើតបានជា ផ្សែង​អ័ព្ទ​ចេញពី​ទឹកធ្លាក់​យ៉ាងគំហុក​។ 
 
​ដ្បិតថា ទឹកធ្លាក់​ព្រះ​និមិត្ត ឬ​ល្បាក់ខោន នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីក្រុង​ក៏ពិតមែន ប៉ុន្តែ សក្ដានុពល​តំបន់​ទេសចរណ៍​នៅ​ជាយដែន​មួយ​នេះ នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​៕

ព័ត៌មានទាក់ទង