អ្នកលក់​កូនឈើ​ហូប​ផ្លែ សឿង តុលា​៖ «​ដូងក្រអូប និង​ទុរេន ជា​ដំណាំ​ហូប​ផ្លែ​ពេញនិយម​សម្រាប់​កសិករ​»

17/08/2020 9:00 am ពោធិ៍សាត់

​ខែឧសភា មិថុនា និង​កក្កដា ជា​ខែ​ដែល​កូនឈើ​ហូប​ផ្លែ​លក់ដាច់​ជាងគេ ក្នុងនោះ​មាន​ឈើ​ហូប​ផ្លែ​ដូចជា ដូងក្រអូប និង​ទុរេន លក់ដាច់​ជាងគេ​។ នេះ​បើតាម លោក សឿង តុលា អ្នកលក់​កូនឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​នៅ​ខេត្តពោធិ៍សាត់​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២០​។​



​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​លោក សឿង តុលា ចាប់យក​របរ​លក់​កូ​ន​ឈើ​ហូប​ផ្លែ​នាំចូល​ពី​ប្រទេស​ថៃ​។ អ្នកលក់​កូនឈើ​ហូប​ផ្លែ សឿង តុលា  លើកឡើងថា​៖ «​សម្រាប់​ខែ​ដែល​ខ្ញុំ​លក់ដាច់​ជាងគេ​មាន​ខែ​៥,៦,៧ និង​មាន​អ្នកបញ្ជា​ទិញ​ស្ទើរ​គ្រប់​ខេត្ត ដែលមាន​ចំនួន​ច្រើន​ពី ៣ ទៅ ៤ ពាន់​ដើម​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ការបញ្ជាទិញ​កូនឈើ​ហូប​ផ្លែ ពី​កសិករ​មានការ​ថយចុះ ជាង​ឆ្នាំមុនៗ​»​។ 

​បើតាម​លោក សឿង តុលា ការ​បញ្ជ​ទិញ​កូនឈើ​ហូប​ផ្លែ​មានការ​ថយចុះ ប៉ុន្តែ​អ្វីដែល​ប្រជាកសិករ​មួយចំនួន​នាពេល​បច្ចុប្បន្ននិយម​ដាំ​គឺ​ដូងក្រអូប និង​ផ្លែ​ទុរេន​។ លោក សឿង តុលា បន្តថា ភាគច្រើន​នៃ​កសិករ​ដែល​ទិញ​កូនឈើ​ក្នុង​បរិមាណ​ច្រើន​អាច​ដាំ​លើ​ផ្ទៃដី​ពី ១០-២០​ហិកតា​។​
 
​លោក តុលា បន្តថា​៖ «​តាម​ការសង្កេត​នៅ​ស្ទើរ​គ្រប់​ខេត្ត​ដែល​ខ្ញុំ​បាន​ទៅដល់ ដី​ភាគច្រើន​ទុក​ទំនេរ​ចោល មិនមាន​ដាំ​ដំណាំ​អ្វី​នោះទេ មួយវិញទៀត បច្ចុប្បន្ន​កសិករ​ភាគច្រើន​ងាក​មក​ចាប់អារម្មណ៍​លើ​ការចិញ្ចឹម​ត្រី កង្កែប កន្ធាយ​ជាដើម​»​។​

​សូមបញ្ជាក់ថា កូន​ទុរេន​មាន​កម្ពស់​ជាង ១​ម៉ែត្រ លោក តុលា លក់បាន​ក្នុងតម្លៃ​ប្រមាណ ៥​ម៉ឺន​រៀល​។ ចំណែក​ដូងក្រអូប​មួយ​ដើម តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល​៕ 

ព័ត៌មានទាក់ទង