កន្លែង​ស្នាក់​នៅក្នុង​តំបន់​ទេសចរណ៍​កោះ​ស្ដេច ត្រូវបាន​ភ្ញៀវទេសចរ​កក់​ស្ទើរ​គ្មាន​សល់​

14/08/2020 1:00 pm កោះកុង

កោះ​ស្ដេច​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​ក្នុង​ខេត្តកោះកុង ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាច្រើន​នៅពេល​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​។ មូលហេតុ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ផ្ទះសំណាក់​ក្នុង​តំបន់​ទេសចរណ៍​កោះ​ស្ដេច​ត្រូវបាន​ភ្ញៀវទេសចរ​កក់​ទៅ​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ស្ទើរតែ​ពេញ​ទៅហើយ​។ គិត​ត្រឹម​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​



​ម្ចាស់ផ្ទះ​ស្នាក់ កោះ​ស្ដេច ហូ​ម​ស្ទេ​រ ក្នុង​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ស្ដេច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា ផ្ទះសំណាក់​របស់លោក​ត្រូវបាន​ភ្ញៀវទេសចរ​កក់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​ពេញ​អស់ហើយ​។ «​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ ខាង​ផ្ទះ​ស្នាក់​របស់ខ្ញុំ​ភ្ញៀវ​កក់​ពេញ​ហើយ​ប៉ុន្តែ​កន្លែង​ផ្សេង​ខ្ញុំ​មិនសូវ​ដឹង​ដែរ ហើយ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ភាគច្រើន​ជា​ភ្ញៀវ​Tour (​ភ្ញៀវទេសចរ​ដែល​ដើរ​កម្សាន្ត​តាមរយៈ​ក្រុមហ៊ុន​រៀបចំ​ដំណើរ​កម្សាន្ត​ទេសចរណ៍​)​។ ភ្ញៀវ​សម្រុក​មក​ច្រើន​ខ្លាំង​អ៊ីចឹង​បើ​ភ្ញៀវទេសចរ​មិន​ព្យាយាម​កក់​កន្លែង​ស្នាក់នៅ​ទុក​ទេ ខ្លាច​តែ​គ្មាន​កន្លែង​គេង​»​។​

​ចំណែក​ផ្ទះសំណាក់ មាន​លាភ ដែល​នៅលើ​កោះ​ស្ដេច​ដូចគ្នានេះ​ក៏បាន​ប្រាប់​សារព័ត៌មាន ថ្មីៗ​២៥ ថា ផ្ទះសំណាក់​របស់គាត់​ត្រូវបាន​ភ្ញៀវទេសចរ​កក់​ពេញ​អស់​ដែរ​ហើយ​សម្រាប់​ថ្ងៃ​១៦ និង​១៧ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​។ ផ្ទះសំណាក់​របស់គាត់​ត្រូវបាន​ភ្ញៀវ​កក់​ទុក​ជាង​១​ខែ​មុន​មក​ម្លេះ​។​


រូបភាព​ពី​ទំព័រហ្វេសប៊ុក​កោះ​ស្ដេច

​សម្រាប់​ផ្ទះសំណាក់ កោះ​ស្ដេច​ហែម ស៊ី​ធី វិញ​មាន​ភ្ញៀវទេសចរ​កក់​បាន​ត្រឹម​៥០​ភាគរយ​ប៉ុណ្ណោះ​។ ម្ចាស់ផ្ទះ​សំណាក់​មួយ​នេះ​បាន​រៀបរាប់ថា មូលហេតុ​ដែល​ផ្ទះសំណាក់​របស់លោក​មាន​ភ្ញៀវ​តិច​ព្រោះ ផ្ទះ​របស់លោក​មិនមាន​បន្ទប់​គ្រែ​២ ហើយ​ភ្ញៀវ​ដែល​ទំនាក់ទំនង​កក់​ភាគច្រើន​រកតែ​បន្ទប់​គ្រែ​២​ប៉ុណ្ណោះ​។​

​សម្រាប់អ្នកទេសច​រដែ​ល​ចង់ទៅ​កម្សាន្ត​នៅ​កោះ​ស្ដេច​គួរ​កក់​កន្លែង​ស្នាក់នៅ​ជាមុន ព្រោះ​កោះ​ស្ដេច​ជា​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល​ខ្លាំង​មួយ​ក្នុង​ខេត្តកោះកុង​។ កោះ​ស្ដេច​ទាក់ទាញ​ភ្ញៀវទេសចរ​ដោយសារ សក្តានុពល​ទេសចរណ៍ធម្មជាតិ ដែលមាន​ឆ្នេរ​ខ្សាច់​សក្បុស ទឹកសមុទ្រ​ថ្លា​ឆ្វង់​ដូច​កញ្ចក់ ព័ទ្ធជុំវិញ​ដោយ​កោះ​ផ្សេងៗ អម​ជាមួយ​ព្រៃ​ធម្មជាតិ​ជាច្រើន​ទៀត​។ ភ្ញៀវទេសចរ​ចង់ទៅ​កម្សាន្ត​នៅ​កោះ​ស្ដេច មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ខេត្តកោះកុង មាន​ចម្ងាយ​ជាង ១៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកោះកុង​៕


រូបភាព​ពី​ទំព័រហ្វេសប៊ុក​កោះ​ស្ដេច

ព័ត៌មានទាក់ទង