ក្រៅពីស្រូវ ដំឡូងមីជាង១ម៉ឺនហិកតានៅបន្ទាយមានជ័យ ក៏ប្រឈមខូចខាតដោយសារគ្រោះរាំងស្ងួត
គ្រោះរាំងស្ងួត កំពុងគំរាមកំហែងដល់ដំណាំដំឡូងមី ប្រមាណ ១.៤ម៉ឺនហិកតា របស់ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ។ លោក ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីផលប៉ះពាល់ និងវិធានការ ឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម»ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ក្រៅពីដំឡូងមី ដំណាំស្រូវ ប្រមាណ៨ម៉ឺនហិកតា នៅក្នុងខេត្តបន្ទាយមានជ័យ ក៏កំពុងតែប្រឈមនឹងការខូតខាតដែរ ដោយសារគ្រោះរាំងស្ងួត។ គិតត្រឹមថ្ងៃទី១២ ខែសីហា មានស្រូវតែជាង៦ពាន់ប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលលោកបានបន្តថា ដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ និងព្រៃវែងប៉ះពាល់ច្រើនជាងគេ ដោយសាររាំងស្ងួត។ ទោះជាយ៉ាងនេះក្តី ស្រូវដែលប៉ះពាល់នៅខេត្តព្រៃវែងចំនួន ១៨ពាន់ហិកតា នោះត្រូវបានសង្គ្រោះទាំងស្រុងហើយ។
បើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ បញ្ជាក់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ «គិតមកដល់ថ្ងៃនេះទាំងដំណាំស្រូវអាចសង្គ្រោះបានច្រើនហើយ និងដំណាំដំឡូងមី បានសង្គ្រោះ ស្ទើ ១០០ភាគរយដោយសារទឹកភ្លៀង នៅសល់បរិមាណតិចតួចប៉ុណ្ណោះ»។ ទោះបីមិនបញ្ជាក់ពីតួលេខ តែលោកប្រធានមន្ទីរបានបញ្ជាក់ថា គ្មានអ្វីជាការបារម្ភទៀតនោះទេ។
តាមរបាយការណ៍ប្រចាំខែកក្កដា របស់ក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេស បានជាង២.២លានហិកតា ស្មើនឹងជិត៩០ភាគរយ។ ក្នុងនោះគ្រោះរាំងគ្រោះបានធ្វើឲ្យស្រូវ ជាង ១០ម៉ឺនហិកតា នៅក្នុងខេត្តចំនួន៩ បានរងផលប៉ះពាល់ និងប្រមាណ ៣ពាន់ហិកតា បានខូចខាត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោលការណ៍ថានៅត្រឹមឆ្នាំ២០៣០ នឹងប្រែក្លាយ
ការធ្វើកសិកម្មនៅកម្ពុជា ទៅជាកសិកម្មទំនើប ដោយជំរុញការស្រាវជ្រាវ និងការផ្សព្វផ្សាយ និងការអនុវត្តបច្ចេកទេស ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ដោយឡែក ការផលិតបន្លែនៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ ក្រសួងកសិកម្ម បានជំរុញ និងបង្កើនការដាំដុះ ការចិញ្ចឹមសត្វ ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី ក៏កម្ពុជានៅតែនាំចូលបន្លែមួយចំនួន ដែលខ្លួនមិនទាន់អាចផលិតបានគ្រប់គ្រាប់នោះដែរ ដូចជាស្ពៃក្ដោប ការ៉ុត និងបន្លែតាមរដូវមួយចំនួនទៀត។ នេះបើតាមបញ្ជាក់ របស់លោកនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com