សហគមន៍ «បឹងឈូក» ជាទីទេសចរណ៍សំខាន់មួយក្នុងស្រុកបន្ទាយស្រី

01/10/2020 3:00 pm សៀមរាប

បឹងឈូក គឺជាសហគមន៍ទេសចរណ៍បង្គោលមួយនៅក្នុងស្រុកបន្ទាយស្រី ដែលអាចទាក់ទាញ ភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ បើទោះបី វិស័យទេសចរណ៍កម្ពុជា កំពុងរងផលប៉ះពាល់ដោយកូវីដ-១៩ តំបន់ទេសចរណ៍មួយនៅស្រុកបន្ទាយស្រី នៅតែមានប្រាក់ចំណូលកើនឡើង ក្នុងរយៈពេល១០ខែចុងក្រោយ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាក់ថា៖ «នៅក្នុងមួយថ្ងៃ មានអ្នកទេសចរ ចន្លោះពី៥០០នាក់ ទៅ១ពាន់នាក់​ បានមកលេងកម្សាន្តនៅតំបន់បឹងឈូកនេះ។ សហគមន៍បឹងឈូក ទទួលបានចំណូលពី ៩លាន ទៅ៣០លានរៀលក្នុងមួយខែ»។

លោកបន្តថា សម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត, ផ្ទៃបឹងធំល្វឹងល្វើយ, និងខ្យល់អាកាសបរិសុទ្ធ គឺជាកត្តាចម្បងដែលអាចទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តច្រើនយ៉ាងដូច្នេះ។ លើសពីនេះ អ្នកទេសចរ អាចជិះទូកកម្សាន្តមើលព្រៃកោងកាង, ទស្សនាសត្វស្លាប, និងជីវៈចម្រុះច្រើនប្រភេទ។

អភិបាលស្រុករូបនេះ សង្ឃឹមថា នៅថ្ងៃឈប់ជំនួសចូលឆ្នាំ ភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅក្នុងស្រុកបន្ទាយស្រីចន្លោះពី ៤ម៉ឺនទៅ ៥ម៉ឺននាក់។ ក្នុងនោះ បឹងឈូកគឺជាគោលដៅសំខាន់មួយក្នុងចំណោមតំបន់ផ្សេងៗទៀតដូចជា រមណីដ្ឋានធម្មជាតិភ្នំគូលែន, សួនផ្កាចម្រុះពណ៌, និងភូមិព្រះដាក់ ដែលជាភូមិគំរូជាដើម។

គួរបញ្ជាក់ផងដែរថា បឹងឈូកមានផ្ទៃដីសរុប ១៦៧ហិកតា និងត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងពូជត្រីនៅក្នុងតំបន់នោះ៕

ព័ត៌មានទាក់ទង