ប្រភេទត្រីទឹកសាបជាច្រើនបានធ្លាក់ចុះ ៧៦ ភាគរយ ក្នុងរយៈពេលតិចជាង ៥០ ឆ្នាំ

13/08/2020 5:15 pm ភ្នំពេញ

លោក ហ្សេប ហូហ្គេន ជាជីវវិទូជលផល នៃសាកលវិទ្យាល័យណេវ៉ាដា ក្នុងទីក្រុងរីណូ និងជាសហអ្នកនិពន្ធ នៃការសិក្សាស្រាវជ្រាវមួយ មានការសង្ស័យថា ការធ្លាក់ចុះនៃប្រភេទត្រីធ្វើចរាចរផ្លាស់ទីនៅអាស៊ី មានលក្ខណៈធ្ងន់ធ្ងរជាងរបាយការណ៍ដែលបានលើកឡើងទៅទៀត។ គាត់លើកឡើងពីទន្លេមេគង្គ ដែលហូរកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ និងជាទីជម្រករបស់ប្រភេទត្រីទឹកសាប ដែលមានទំហំខ្លួនធំជាងគេនៅលើពិភពលោក។ ភាគច្រើន វាជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីឆ្ងាយ និងងាយរងគ្រោះដោយសារទំនប់វារិអគ្គិសនី និងការនេសាទហួសកម្រិត។

លោកបណ្ឌិត ហូហ្គេន ដែលជាអ្នករុករករបស់ National Geographic និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ «អច្ឆរិយភាពនៃទន្លេមេគង្គ» ដែលគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បាននិយាយថា៖ «ដោយសារតែកង្វះខាតទិន្នន័យ ពពួកត្រីទាំងនេះ មិនត្រូវបានគេរាប់បញ្ចូលទៅក្នុងរបាយការណ៍ទេ ក៏ប៉ុន្តែ ជាការធ្លាក់ចុះដ៏មហន្តរាយមួយ។

ការសិក្សាមួយដែលធ្វើដោយគម្រោងនេះ ដែលត្រូវបានបោះពុម្ពផ្សាយកាលពីខែមុន ក្នុងទស្សនាវដ្តី «ទឹក» បានបង្ហាញថា ត្រីយក្សជាច្រើនប្រភេទ ដែលជាប្រភេទត្រីធ្វើចរាចរផ្លាស់ទីនៅតាមដងទន្លេមេគង្គ បានបាត់បង់ស្ទើរអស់។ ត្រីរាជ ​ដែលអាចលូតលាស់ធំធាត់ដល់ ៣០០គីឡូក្រាម គឺបានខិតជិតទៅរកការផុតពូជពីក្នុងទីជម្រកធម្មជាតិទៅហើយ។

នៅលើកំណត់ចំណាំជាវិជ្ជមានមួយ  ក្នុងរបាយការណ៍បានបង្ហាញថា នៅពេលប្រភេទត្រី ធ្វើចរាចរផ្លាស់ទីមិនប្រឈមនឹងការគំរាមកំហែងអ្វីទេ នោះចំនួនរបស់វាច្រើននឹងកើនឡើង។ លើសពីនេះទៀត ប្រភេទត្រីដែលទទួលបានការអន្តរាគមន៍ ដើម្បីធ្វើការអភិរក្សពីមនុស្ស រួមមាន សកម្មភាពរឹតបន្តឹងច្បាប់ជលផល ការកំទេចទំនប់វារិអគ្គិសនីចោល ឬ ការការពារស្របច្បាប់ ​ចំនួននៃការធ្លាក់ចុះ គួរតែមានតិចជាងប្រភេទត្រីដែលមិនទទួលបានការអន្តរាគមន៍ដើម្បីធ្វើការអភិរក្ស។

របាយការណ៍នេះ បានទាមទារឱ្យមានផែនការស្តារឡើងវិញបន្ទាន់មួយ ដែលរួមមាន ការអនុញ្ញាតឱ្យទន្លេហូរបាន ដោយសេរី និងតាមធម្មជាតិ ធ្វើឱ្យប្រសើរឡើងនូវតំណភ្ជាប់ទន្លេ និងផ្លូវទឹក កាត់បន្ថយការបំពុល និងការនេសាទហួសកម្រិត និងការការពារតំបន់ដីសើមជាដើម។ របាយការណ៍នេះ ក៏អំពាវនាវផងដែរ ឱ្យមានការត្រួតពិនិត្យតាមលក្ខណៈវិទ្យាសាស្ត្រឱ្យបានប្រសើរជាងមុនអំពីប្រភេទត្រីទាំងនោះ យុទ្ធនាការជម្រុញឆន្ទៈនយោបាយ និងសាធារណៈ ដើម្បីការពារសត្វរស់នៅក្នុងទឹកសាប និងការវិនិយោគលើជម្រើស ដែលមាននិរន្តរភាព ជំនួសឱ្យវារិអគ្គិសនី៕

ព័ត៌មានទាក់ទង