ទីតាំង​សត្តឃាត និង​លក់​សាច់​ឆ្កែ​១២​កន្លែង​នៅ​ខេត្តសៀមរាប បាន​ស្ម័គ្រចិត្ត​បញ្ឈប់​អាជីវកម្ម​របស់ខ្លួន​

13/08/2020 4:00 pm សៀមរាប

​ភ្នំពេញ​៖ ទីតាំង​សត្តឃាត និង​លក់​សាច់​ឆ្កែ​១២​ទីតាំង ក្នុងចំណោម​២៥​ទីតាំង នៅ​ខេត្តសៀមរាប បាន​ស្ម័គ្រចិត្ត បិទ​អាជីវកម្ម​របស់ខ្លួន តាម​ការជូនដំណឹងរ​បស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​(AKP) នៅ​ថ្ងៃ​១១​សីហា​ដោយបាន​ស្រង់​សម្តី​របស់ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​។



​តាម AKP ដដែល​អាជីវកម្ម​ទាំង​១៣​ទីតាំង ដែល​នៅ​សេសសល់​សន្យាថា នឹង​ឈប់​បន្ត​អាជីវកម្ម​របស់ខ្លួន​នាពេលខាងមុខ​ដែរ​។ ខណៈ​អ្នក​ដែល​បាន​ឈប់​ធ្វើ​អាជីវកម្ម​ទាំងនោះ នឹង​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង ឬ​ប្ដូរ​ទៅ​ចិញ្ចឹមសត្វ និង​សុំច្បាប់​អនុញ្ញាត​លក់​សាច់គោ ឬ​សាច់ជ្រូក​ជំនួស​វិញ​។

​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ហាមប្រាម​ការធ្វើ​អាជីវកម្ម​ទិញ​-​លក់​សម្រាប់​ពិឃាតសត្វ​សុនខ​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់ នៅក្នុង​ខេត្តសៀមរាប​។ បំរាម​នេះ ត្រូវបាន​ដាក់ចេញ ក្រោយ​អាជ្ញាធរ​សង្កេតឃើញថា ការធ្វើ​អាជីវកម្ម ទិញ​-​លក់ ពិឃាតសត្វ​សុនខ (​ឆ្កែ​) មាន​ភាព​អាណាធិបតេយ្យ និង​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ  ហើយ​ដែល​វា​ជា​សញ្ញា​មួយ​នៃ​ការធ្លាក់ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ និង​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​សាធារណៈ​។

​លោក ទា គឹម​សុទ្ធ ប្រធាន​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ត្រូវបាន AKP ដកស្រង់​ប្រសាសន៍ថា ការហាមឃាត់​នេះ មិនមែន​ជាការ​រឹតបន្តឹង​ដាច់​ណា​ច់​នោះទេ គឺជា​ការហាម ដើម្បី​ចូលរួម​កាត់បន្ថយ​ការបរិភោគ​សត្វ​ឆ្កែ ឱ្យនៅ​កម្រិត​ទាប និង​ឈានទៅ​បញ្ឈប់​ទាំងស្រុង​នាពេលខាងមុខ​។ លោក រំពឹងថា ខេត្តសៀមរាប នឹង​ក្លាយជា​ខេត្ត​គម្រូ​មួយ សម្រាប់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ក្នុង​ការហាម​មិនឱ្យ​មានការ​ជួញដូរ និង​បរិភោគ​សាច់​ឆ្កែ​៕

ព័ត៌មានទាក់ទង