អ្នកជំនាញផ្តើមជួសជុលប្រព័ន្ធបង្ហូរទឹកចាស់នៅអង្គរ ដើម្បីការពាររចនាសម្ព័ន្ធប្រាសាទកុំឱ្យងាយពុកផុយ

13/08/2020 3:00 pm សៀមរាប

អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងស្ដារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលខាងលិច ប្រាសាទអង្គរវត្តឱ្យដំណើរការឡើងវិញ ដើម្បីសង្គ្រោះរចនាសម្ព័ន្ធប្រាសាទ កុំឱ្យថ្មងាយខូចពុកផុយ ដោយសារបញ្ហាទឹកដក់ និងទឹកហូរច្រោះនារដូវវស្សា។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។



បើតាមក្រុមបច្ចេកទេស បានអះអាងថា បញ្ហាសំខាន់ដែលធ្វើឱ្យមានការកកស្ទះ ដោយសារតែមានកម្ទេច កម្ទី,សំណល់ប្លាស្ទិក, និងដីបិទជិត ដូច្នេះ ដើម្បីឱ្យប្រព័ន្ធរំដោះទឹក អាចដំណើរការឡើងវិញ ក្រុមបច្ចេកទេសបានសម្អាត រន្ធបង្ហូរទឹក សរុបទាំងអស់៧ទីតាំង។ គួរបញ្ជាក់ថា កន្លងទៅ ប្រព័ន្ធបង្ហូរទឹកនេះ ត្រូវបានរៀបចំម្ដងរួចមកហើយ នៅពេលជួសជុលស្ពានហាល ប៉ុន្តែមិនបានបន្សល់ទុកនូវប្លង់លម្អិតនោះទេ។

ការស្ដារប្រព័ន្ធបង្ហូរទឹកនេះ ក្រុមការងារបច្ចេកទេស បានប្រើប្រាស់ឧបករណ៍ទំនើប សម្រាប់ពិនិត្យបញ្ហាដែលកកស្ទះ ក្នុងប្រព័ន្ធបង្ហូរទឹក ហើយបានប្រើម៉ាស៊ីន ដើម្បីខួង និងលាងសម្អាតរន្ធកកស្ទះទាំងនោះ។
ប្រព័ន្ធរំដោះទឹកនៅលើផ្លូវដើរស្ពានហាលខាងមុខប្រាសាទអង្គរវត្តខាងលិច នឹងដំណើរការឡើងវិញ ដោយពុំមានដក់ទឹកទៀតទេ។ នេះបើតាមអ្នកជំនាញ៕

 

ព័ត៌មានទាក់ទង