​លោក ឃឹម ហ្វី​ណង់​៖ ស្រុក​បន្ទាយស្រី មិនមាន​អាជីវកម្ម​សាច់​ឆ្កែ​ទៀតឡើយ​

13/08/2020 9:15 am សៀមរាប

ក្រោយ​ចេញ​បម្រាម​កាលពី​ខែកក្កដា និង​មាន​អាជ្ញាធរ​ចុះទៅ​ណែនាំ​ដល់​អាជីវករ​ជួញដូរ​សត្វ​ឆ្កែ ឬ​ធ្វើ​សត្តឃាត​សត្វ​ឆ្កែ ចំនួន​១០​កន្លែង​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ម្ចាស់​អាជីវកម្ម​ទាំងនោះ​ត្រូវបាន​បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​។



លោក ឃឹម ហ្វី​ណង់ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ម្ចាស់​អាជីវកម្ម​ដែល​ជួញដូរ​សត្វ​ឆ្កែ និង​ម្ចាស់​អាជីវកម្ម​ធ្វើ​សត្តឃាត​សត្វ​ឆ្កែ​ជា​ចំណីអាហារ​ជាច្រើន​កន្លែង​ទៀត​ដែល​ស្ថិតនៅ​ក្នុងស្រុក​បន្ទាយស្រី ត្រូវបាន​អាជ្ញាធរ​ចុះទៅ​ណែនាំ ហើយ​ពួកគេ​ក៏បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។

​លោក ឃឹម ហ្វី​ណង់ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​ស្ថិតនៅ​ដំណាក់កាល​ហាមឃាត់​ជា​លើក​ទី​២​ហើយ​។ ឥឡូវនេះ​យើង​ព្យាយាម​ណែនាំ​ឲ្យ​បញ្ឈប់​ដោយ​ខ្លួនឯង​។ បើ​គាត់​នៅតែ​មិន​បញ្ឈប់​ទៀត​គឺ​យើង​នឹង​ចុះទៅ​បង្ក្រាប ហើយ​យើង​នឹង​រឹបអូស​យក​សត្វ​ទាំងអស់នោះ​តែម្តង​»​។


រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី

​បើតាម​លោក ឃឹម ហ្វី​ណង់ ម្ចាស់​អាជីវករ​ដែល​លែង​ប្រកបមុខរបរ​ជួញដូរ​សត្វ​ឆ្កែ​នោះ​ភាគច្រើន​ជា​អ្នក​ដែល​ផ្លាស់​មក​រស់នៅ​ស្រុក​បន្ទាយស្រី​។ ត្រង់ចំណុច​នេះ​លោក ឃឹម ហ្វី​ណង់ មានការ​ព្រួយបារម្ភ​ខ្លាច​តែ​អាជីវករ​ទាំងនោះ អាច​ផ្លាស់ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេង ហើយ​ចាប់យក​មុខរបរ​នេះ​ដដែល​។

​ទាក់ទង​បញ្ហា​នេះ លោក ឃឹម ហ្វី​ណង់ បាន​ជំរុញ​ឲ្យ​បណ្តា​ខេត្ត​ដទៃ​មានការ​ហាមឃាត់​ការជួញដូរ​សត្វ​ឆ្កែ ដើម្បី​កុំ​ឲ្យ​ពួកគេ​អាច​ប្រកបមុខរបរ​ដោយ​ខុសច្បាប់​នេះ​ត​ទៀត​។  លោក​បាន​រៀបរាប់​ដូច្នេះ​៖«​ដើម្បី​ឲ្យ​ការងារ​នេះ​មាន​ប្រសិទ្ធភាព គឺ​ទាល់តែ​យើង​ហាម​ទូទាំងប្រទេស​។ បើ​មិន​អ៊ីចឹង​ទេ គាត់​នឹង​រើ​ពី​កន្លែង​ហាម ទៅ​លក់​នៅ​កន្លែង​ដែល​មិន​ហាម​»​។

​បើតាម​លោក​អភិបាលស្រុក​បន្ទាយស្រី ក្រោយពី​ពួកគេ​ឈប់​ប្រកបមុខរបរ​នោះ​ហើយ ពួកគេ​ទាំងនោះ មិនទាន់មាន​មុខរប​រ​ថ្មី​នៅឡើយ​ទេ​។ ដើម្បី​ដោះស្រាយ​ដល់​ជីវភាព​របស់​អាជីវក​រទាំង​នោះ លោក ឃឹម ហ្វី​ណង់ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កន្លែង​ដែល​យើង​ធ្លាប់​ឃើញ​មាន​ការលក់​សត្វ​ឆ្កែ​នោះ​គឺ​យើង​លែងឃើញ​មាន​លក់​ទៀតហើយ​។ របរ​ថ្មី​របស់​ពួកគាត់​ក៏​យើង​អត់​ទាន់​ឃើញ​មាន​ដែរ​។ ដោយសារ​មុខរបរ​នេះ​ជា​មុខរបរ​ខុសច្បាប់ ដូច្នេះ​យើង​អត់​មានការ​ផ្គត់ផ្គង់​នោះទេ​។ ប៉ុន្តែ​យើង​កំពុងតែធ្វើការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា និង​អង្គការ Four Paws ដើម្បី​ជួយ​រកមុខរ​បរដល់​ពួកគាត់ ឬ​ជួយ​ជាការ​ផ្តល់​ប្រាក់កម្ចី​ដល់​គាត់​»​។


រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី

​បើតាម​ការស៊ើបអង្កេត​របស់​អង្គការ FOUR PAWS អន្តរជាតិ នៅ​កម្ពុ​ជាមាន​សត្វ​ឆ្កែ​ប្រមាណ ៣​លាន​ក្បាល ត្រូវបាន​សម្លាប់ និង​បរិភោគ ជា​រៀងរាល់ឆ្នាំ​។ ក្នុងចំណោម​សត្វ​ដែល​គេ​បរិភោគ​នោះ គឺជា​ឆ្កែ​អនាថា និង​ត្រូវបាន​គេ​លួច​។ តម្លៃ​ឆ្កែ​រស់​មួយ​ក្បាល ចន្លោះ​ពី ២​ដុល្លារ ទៅ​៣​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​។
 
​បើតាម​របាយការណ៍រ​បស់​អង្គការ FOUR PAWS អន្តរជាតិ​ដដែល សម្រាប់​នៅ​ខេត្តសៀមរាប​មាន​ភោ​ជី​យ​ដ្ឋា​ន​សាច់​ឆ្កែ​ចំនួន​២០​កន្លែង ហើយ​សត្វ​ឆ្កែ​ចន្លោះ​ពី​៤​ទៅ​៦​ក្បាល​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្លាប់​យក​ធ្វើជា​ម្ហូប នៅតាម​ភោជនីយដ្ឋាន​នីមួយៗ​។ បើ​គិត​ជា​ខែ​វិញ គឺមាន​សត្វ​ឆ្កែ​ប្រមាណ​២,៩០០​ក្បាល​ត្រូវបាន​សម្លាប់ ហើយ​ជា​ឆ្នាំ គឺមាន​៣៥,០០០​ក្បាល​។


 រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី

​កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​ចេញ​បម្រាម​ធ្វើ​អាជីវកម្ម​សត្វ​ឆ្កែ យកទៅ​ធ្វើជា​ម្ហូបអាហារ​ដែរ ប៉ុន្តែ​គេ​នៅតែ​ប្រទះឃើញ​កន្លែង​លក់​-​ដូរ​សាច់​ឆ្កែ រីក​ស្គុសស្គាយ និង​មាន​ភ្ញៀវ​ចូល​ពេញៗ​ហាង​ទៀតផង​។​

​របាយការណ៍​ដែល​ចុះផ្សាយ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បញ្ជាក់ថា​៖«​សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ អង្គការ FOUR PAWS បាន​រកឃើញ​ហាង​ជាង​១១០​ទីតាំង​ដែល​លក់​សាច់​ឆ្កែ ហើយ​ភាគច្រើន​បើកទ្វារ​ក្នុងពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​»៕
 

ព័ត៌មានទាក់ទង