ស្រុក​បន្ទាយស្រី ត្រៀមខ្លួន​រួចជាស្រេច ទទួលភ្ញៀវ​ទេសចរ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ

12/08/2020 4:15 pm សៀមរាប

​ភ្នំពេញ​៖ ​ក្នុងឱកាស​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា​ខាងមុខនេះរដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​គ្រោង​មកលេង​កម្សាន្ត។



 លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត តាម​ទូរស័ព្ទ​ថា​៖ «​រដ្ឋបាល​ស្រុក បានរៀបចំ​នូវ​កម្មវិធី​សម្បូរបែប សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែលមាន​បំណង​មក​កម្សាន្ត​នៅទីនេះ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​នូវ​បទពិសោធ​ថ្មី​ប្លែក និង​អារម្មណ៍​សប្បាយរីករាយ​»​។​

​លោក ឃឹម ហ្វី​ណង់ បន្តថា រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​យក​ទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាព​ភ្ញៀវទេសចរ ជាពិសេស​នៅក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ដោយ​នឹង​អនុវត្ត​ទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ហ្មត់ចត់​។ បើតាម​អភិបាលស្រុក​រូបនេះ ក្រុមការងារ និង​មន្ត្រី​មូលដ្ឋាន នៅតែ​បន្ត​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យបាន​រួចរាល់​នៅពេល​មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន​។ 


រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់ 

«​នៅ​ក្នុងឱកាស​ឈប់សម្រាក​៥​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា ភ្ញៀវទេសចរ​ចន្លោះ​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​នាក់ ជាពិសេស​ភ្ញៀវ​ក្នុងស្រុក នឹង​មកលេង​នៅ​ស្រុក​បន្ទាយស្រី​»។​ នេះ​បើតាម​លោក អភិបាលស្រុក​បន្ទាយស្រី​។ ស្រុក​បន្ទាយស្រី​មាន​តំបន់​គោលដៅ​ទេសចរណ៍​ច្រើន​កន្លែង​រួមមាន ប្រាសាទបន្ទាយស្រី រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន បឹង​ឈូក និង​សួនផ្កា​ចម្រុះ​ដែលមាន​ពណ៌​ចម្រុះ​គ្នា​យ៉ាង​ស្រស់ស្អាត​៕ 

រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់ 

ព័ត៌មានទាក់ទង