​កាលពី​ខែកក្កដា កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០​ម៉ឺន​នាក់​

12/08/2020 10:15 am កែប

​ភ្នំពេញ​៖ សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខេត្ត​កែប​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១០​ម៉ឺន​នាក់​កាលពី​ខែកក្កដា ឆ្នាំ​២០២០​។ ទន្ទឹមនឹង​ការទទួលបាន​ភ្ញៀវទេសចរ​ច្រើន​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​កែប កំពុង​ពង្រឹង​សេវាកម្ម​ទេសចរណ៍ និង​ផ្នែក​បរិស្ថាន​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ​។



​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ អាច​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០​ម៉ឺន​នាក់ ដោយសារ​សក្តានុពល​ទេសចរណ៍ធម្មជាតិ ឆ្នេរ​ក្សាច់ តំបន់​ក​សិរ​ទេសចរណ៍ ឧទ្យាន​ជាតិ​កែប  និង​គ្រឿង​សមុទ្រ​ដែលមាន​រសជាតិ​ឆ្ញា​ញ់​។ 

«​ខេត្ត​កែប​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​ពឹង​ផ្អែកទៅលើ​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ ដែលជា​គោលដៅ​ទេសចរណ៍​ប្រណីត​កម្រិត​ខ្ពស់​។ ភ្ញៀវ​មកលេង​រីករាយ​ជាមួយនឹង​តំបន់ឆ្នេរ​ខ្សាច់ ទាំង​ឆ្នេរ​លើគោក​និង​ឆ្នេរ​នៅ​កោះ ដូចជា​កោះទន្សាយ​ដែលមាន​ឆ្នេរ​ក្សាច់​ស្អាត​។ មួយ​វិញ​ធនធានធម្មជាតិ​ឧទ្យាន​កែប​ដែល​ស្ថិតនៅ​កណ្ដាល​នៃ​បេះដូង​ទីក្រុង​កែប​តែម្ដង​។ ជាពិសេស​ភ្ញៀវទេសចរ​ដែល​ទៅលេង​ខេត្ត​កែប​អាច​ជិះទូក​កម្សាន្ត មើល​ជីវចម្រុះ​ក្រោម​បាតសមុទ្រ​ដូចជា​ផ្កាថ្ម​និង​ស្ទូចត្រី​។ តំបន់ភ្នំ​វល្លិ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ​ទាក់ទាញ សម្បូរ​ដោយ​ដំណាំ​ដែល​ជាក​សិរ​ទេសចរណ៍ ដូចជា​ម្រេច និង​ទុរេន​»​។​



​ក្រៅពី​តំបន់​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ទាំងអស់​នេះហើយ គ្រឿង​សមុទ្រ​ខេត្ត​កែប​ក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​ទេសចរ​ផងដែរ​។ ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​លើកឡើងថា ក្ដាម​សមុទ្រ​នៅ​ខេត្ត​កែប មាន​រស់ជាតិ​ឆ្ងាញ់ និង​មាន​ភាពល្បីល្បាញ​។ ទេសចរ​ដែល​ទៅលេង​ខេត្ត​កែប​អាច​សម្រាក​និង​បរិភោគ​អាហារ​សមុទ្រ​យ៉ាង​ឆ្ងាញ់​ក្នុង​ខេត្ត​កែប​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា ទីក្រុង​កែប​ជាទី​ក្រុង​មួយ​ដែលមាន​សម្រស់​ស្រស់ស្អាត និង​ទទួលបាន​ជ័យលាភី​ជាច្រើន​ដូចជា​ជ័យលាភី​ផ្ការំដួល​៣​ទង ជ័យលាភី​និរន្តរភាព​បរិស្ថាន​ដែល​សម្ដៅ​ទៅលើ ទឹកស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត​។​



​បើតាម លោក សោម ចិន្តា ខេត្ត​កំពុង​ត្រៀមខ្លួន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែមទៀត​ក្នុង​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ចាប់ពី​ថ្ងៃទី​១៧​ដល់​២១ ខែសីហា ឆ្នាំ​២០២០​។ «​យើង​បាន​ត្រៀម​ទទួល​ទេសចរ​ហើយ ដោយ​ទី​១​យើង​បាន​សហការ ពង្រឹង​ផ្នែក​សន្តិសុខ បញ្ហា​ចំណតរថយន្ត ទី​២​យើង​បាន​ពង្រឹង​យុទ្ធនាការ​បិ​រ​ស្ថាន យើង​និង​បំពាក់​ធុងសម្រាម​បន្ថែម ហើយ​ទី​៣ ខេត្ត​បានរៀបចំ​កែលម្អ​ភ្លើង​អគ្គីសនី បំពាក់​អំពូល​ថ្មីៗ​តាម​ដងផ្លូវ​ក៏​ដូច​តាម​សួនច្បារ​។ ទី​៤ យើង​បាន​ចុះ​ពង្រឹង ពិនិត្យ​ណែនាំ​អំពី​បញ្ហា​ម្ហូបអាហារ​អនាម័យ តម្លៃ​និង​ជញ្ជីង​ត្រឹមត្រូវ​។ និង​ចុងក្រោយ​យើង​បាន​ចុះ​ណែនាំ​ដល់​អាជីវករ ពី​វិធាន​សុវត្ថិភាព​ដើម្បី​ការពារ​និង​បង្ការ​ជំងឺ​កូ​វីដ​-១៩»​។ 

​តាម​របាយការណ៍​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ខែកក្កដា របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី ៦​ខែសីហា​ឆ្នាំ​២០២០ ខេត្ត​កែប​ជា​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​លំដាប់​ទី​២ ដោយមាន​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​រហូតដល់ ១១៧ ២៦៩​នាក់ និង​ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​លំដាប់​លេខ​១ គឺមាន​ទេសចរ​សរុប ១៤៦ ៦៤៣​នាក់​៕

ព័ត៌មានទាក់ទង