ត្រី​មេ​ពូជ​ជាង ៣០០០​តោន ត្រូវបាន​សង្គ្រោះ​ជា​រៀងរាល់ឆ្នាំ ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង​

12/08/2020 9:00 am ស្ទឹងត្រែង

ស្ទឹងត្រែង​៖ ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​បួន ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ក្នុង​ខេត្តស្ទឹងត្រែង គឺជា​វិសាលភាព​នៃ​ជម្រក​សម្រាប់​ត្រី​មេ​ពូជ​សំខាន់ៗ ដែល​បានមក​លាក់ខ្លួន​ក្នុង​រដូវប្រាំង និង​ពង​-​កូន​នៅ​ដើមរដូវ​វស្សា តាម​វដ្ត​ជីវិត​របស់​ពួកវា​។  ក្នុងនោះ ត្រី​មេ​ពូជ​មួយចំនួន បានចាប់ផ្តើម​ទម្លាក់​ពង​នៅ​ដើមខែ​ឧសភា​។

ជា​រៀងរាល់ឆ្នាំ ត្រី​មេ​ពូជ​សំខាន់ៗ ដូចជា​៖ ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​ប្រា​ធំ ត្រី​ប៉ា​វ៉ា​មុខ​មួយ ប៉ា​វ៉ា​មុខ​ពីរ ត្រី​ប៉ា​សេ​អ៊ី ត្រី​បបែល​យក្ស ត្រី​ពោ​ព្រុយ ត្រី​ក្អែក​ជាដើម​។​ល​។ បាន​បង្កើតកូន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រាប់សិប​កោដិ​លាន​ក្បាល​។ ជាពិសេស ពពួក​ត្រី​រៀល ដែល​តំណាង​ឲ្យ ៧០​ភាគរយ នៃ​ផល​ចាប់​ត្រី​ក្នុងប្រទេស​កម្ពុជា​។ កូន​ត្រី​តូចៗ ដែល​ទើបនឹង​ញាស់​ទាំងនោះ បាន​បណ្តែត​ខ្លួន​ចុះមក​តាម​ខ្សែទឹក​ខាងក្រោម ចូល​ទៅតាម​ទន្លេ ដៃទន្លេ បឹង​ទន្លេសាប និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ទាំងមូល ដើម្បី​រក​ចំណី និង​ធំធាត់​។​
 
​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វដ្ត​ពង​-​កូន​របស់​ត្រី​មេ​ពូជ​ទាំងនោះ ត្រូវបាន​រំខាន​ដោយ​មនុស្ស និង​ធម្មជាតិ​។ មនុស្ស បាន​ចាប់​ត្រី​មេ​ពូជ​រាប់សិប​តោន ដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេងៗ ក្នុង​រដូវ​បិទ​នេសាទ​។ ធម្មជាតិ នៃ​លំហូរ​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ រដូវ​ទឹក​ដំឡើង បែ​ជា​គ្មាន​ទឹក​។ ទឹក​ឡើង​យឺត តែ​ស្រក​លឿន និង​មិន​ទៀងទាត់​។ ការប្រែប្រួល​ទាំងនេះ សំណង់​ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ក្នុងប្រទេស​ចិន និង​ឡាវ បាន​ចូលរួមចំណែក​យ៉ាង​ធំ​។ 
 
​ដើម្បី​ធានា​និរន្តរភាព​នៃ​ត្រី​មេ​ពូជ និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ជលបាន​យ៉ាង​ល្អប្រសើរ​។ សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ   


https://www.youtube.com/watch?v=NT-jwCu_l94&feature=youtu.be 
ដើម្បី​ចូល​ទស្សនា​នូវ​កិច្ចសម្ភាសន៍​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ជាមួយ​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ស្ទឹងត្រែង​៕

ព័ត៌មានទាក់ទង