កោះកុង កើនចំនួនភ្ញៀវទេសចរ ដោយសារធាតុអាកាសអំណោយផល
អាកាសធាតុអំណោយផល ដោយមិនសូវមានភ្លៀងធ្លាក់បានធ្វើឲ្យភ្ញៀវទេសចរក្នុងខេត្តកោះកុង កើនឡើងជាង៤ម៉ឺននាក់ បើធៀបចំនួនភ្ញៀវទេសចរក្នុងខែកក្កដា ឆ្នាំ២០២០ និង ខែដដែលកាលពីឆ្នាំ២០១៩។ ដោយខែកក្កដា ឆ្នាំ២០២០ មានទេសចរសរុប ៥៦ ៦៤៩នាក់ និងខែកក្កដាឆ្នាំ២០១៩ មានត្រឹម ១០ ៨១៧នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ចំនួនភ្ញៀវទេសចរពី ការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង។
លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងប្រាប់សារព័ត៌មានអេឡិចត្រូនិចThmey Thmey25តាមទូរស័ព្ទ ថាភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនឡើងវិញក្នុងខែមិថុនា និងខែកក្កដា ២០២០ បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈ៥ខែកន្លងមក ។ «ពេលមានការរីករាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរធ្លាក់ដល់៩០ភាគរយ ប៉ុន្តែឥឡូវៗនេះមានភ្ញៀវទេសចរកើនឡើងវិញហើយ ដោយជាក់ស្ដែងក្នុងខែ៦ ខែ៧នេះ មានការកើនឡើងច្រើន» ។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យ ព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់ពីមូលហេតុនៃកំណើនភ្ញៀវទេសចរក្នុងខែកក្កដាឆ្នាំ២០២០ កើនឡើងខ្លាំងជាងខែកក្កដាឆ្នាំ២០១៩ បណ្តាលពីភាពអំណោយផលនៃអាកាសធាតុ ដែលមិនសូវមានភ្លៀងធ្លាក់។ លោកអះអាងថា៖ «ភ្ញៀវទេសចរកើនដោយសារកត្តាអាកាសធាតុតែម្ដង ព្រោះខេត្តយើងនៅជាប់ឆ្នេរ។ កាលពីខែកក្កដា ឆ្នាំ២០១៩ មានព្យុះភ្លៀងស្ទើរពេញមួយខែ អ៊ីចឹងកាលពីឆ្នាំចាស់មានភ្ញៀវតិចមែនទែន»។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងក៏បានបង្ហាញពីក្ដីរំពឹងថានឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្នុងថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៧ រហូតដល់២១ ខែសីហា ឆ្នាំ២០២០ បើសិនជាខេត្តកោះកុងមិនទទួលរងនៃឥទ្ធិពលព្យុះភ្លៀងនៅតាមសមុទ្រខាងត្បូង។
ទទឹមនឹងការរំពឹងនេះ លោក សុខ ចាន់គ្រឹស្នា បានចុះពង្រឹងសេវាកម្មទេសចរណ៍ ក្នុងខេត្តកោះកុង និងបានណែនាំដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ឲ្យអនុវត្តន៍វិធានសុវត្ថិភាព ដើម្បីបង្ការការរីករាលនៃជំងឺកូវីដ១៩។សម្រាប់តម្លៃសេវាកម្មទេសចរណ៍ទៅលើម្ហូបអាហារវិញអាចនឹងមានការឡើងថ្លៃតិចតួចបើសិនក្នុងថ្ងៃឈប់សម្រាកខាងមុខមានភ្លៀងធ្លាក់ ព្រោះមានការលំបាកក្នុងការនេសាទ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com