កសិករ ហ៊ិ​ម លី​ហៀ​ង ចែករំលែក​បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​ក្នុង​អាង​

12/09/2020 1:00 pm សៀមរាប

​លោក ហ៊ិ​ម លី​ហៀ​ង ជា​កសិករ​ចិញ្ចឹម​កន្ធាយ​ដ៏​ជោគជ័យ​ម្នាក់ និង​ជា​តំណាង​កសិដ្ឋាន​គ្រួសារ​កន្ធាយ នៅ​ស្រុក​ពួក ខេត្តសៀមរាប​។ រយៈពេល​២​ឆ្នាំ​ហើយ ដែល​លោក​ប្រកប​របរ​ចិញ្ចឹម​កន្ធាយ​នេះ​។ បច្ចុប្បន្ន​កសិដ្ឋាន​នេះ មាន​មេ​កន្ធាយ​ពូជ​ប្រមាណ ២ ៥០០​ក្បាល និង​កូន​កន្ធាយ​ប្រមាណ ៣​ពាន់​ក្បាល ដែល​កន្ធាយ​មួយ​គីឡូក្រាម​អាច​លក់បាន​តម្លៃ ១១- ១៣​ដុល្លារ ហើយ​កូន​កន្ធាយ ១​ក្បាល​លក់បាន​តម្លៃ ១​ដុល្លារ​។ កសិដ្ឋាន​គ្រួសារ​កន្ធាយ អាច​ទទួលបាន​ចំណូល​ប្រមាណ ៥​ពាន់​ដុល្លារ ក្នុង​មួយខែ​ពី​ការលក់​កន្ធាយ​នេះ​។ លោក ហ៊ិ​ម លី​ហៀ​ង បាន​ចែករំលែក​គន្លឹះ​ចិញ្ចឹម​កន្ធាយ ជាមួយ​សារព័ត៌មាន Thmeythmey25​។​



​លោក ហ៊ិ​ម លី​ហៀ​ង បាន​ចំណាយពេល​៣​ឆ្នាំ​ហើយ ចិញ្ចឹម​កន្ធាយ​ក្នុង​អាង​ស៊ីម៉ងត៍​។ កសិករ​វ័យ​មាន​វ័យ​២៧​ឆ្នាំ​រូបនេះ ក៏​ជា​តំណាង​កសិដ្ឋាន​គ្រួសារ​កន្ធាយ នៅក្នុង​ភូមិ​ប្រាសាទ ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។

​បើតាម លោក ហ៊ិ​ម លី​ហៀ​ង ការជ្រើសរើស​ពូជ ការផ្តល់​ចំណី និង​ការរៀបចំ​អាង​ចិញ្ចឹម គឺជា​ចំណុច​សំខាន់​សម្រាប់​កសិករ ដើម្បី​ទទួលបាន​ផល​ខ្ពស់​ពី​ការចិញ្ចឹម​កន្ធាយ​របស់​ខ្លួន​។ លោក លី​ហៀ​ង រៀបរាប់​ប្រាប់ Thmeythmey25 ថា​ខែកុម្ភៈ ដល់​ខែឧសភា គឺជា​ពេលវេលា​ល្អ សម្រាប់​ការដាក់​ចិញ្ចឹម​កន្ធាយ​។ ទន្ទឹមនឹងនេះ កសិករ​ត្រូវ​ជ្រើសរើស​ពូជ​កូន​កន្ធាយ​ដោយ​ប្រុងប្រយ័ត្ន ដោយ​កូន​កន្ធាយ​ត្រូវតែមាន​សុខភាព​ល្អ រឹងមាំ និង​មាន​ទម្ងន់​ពី​៥០-២០០​ក្រាម​។​

​បន្ទាប់ពី​ជ្រើសរើស​កូន​កន្ធាយ​បានល្អៗ​ហើយ កសិករ ជាទូទៅ គេ​ត្រូវ​រៀបចំ​អាង​ស៊ីម៉ង ត៍​ឬ​ជីក​ស្រះ យ៉ាងហោចណាស់ ទំហំ ៥​ម៉ែត្រការ៉េ និង​មាន​ជម្រៅ​ពី ១ ម៉ែត្រ ទៅ ១,៥​ម៉ែត្រ ដែល​អាចដាក់​កន្ធាយ​ច្រើន​បំផុត ២០០​កូន ដើម្បី​ឲ្យ​កន្ធាយ​ងាយស្រួល​រស់នៅ​។ គេ​ក៏​អាច​រៀបចំ​អាង​ចិញ្ចឹម​កន្ធាយ​តាម​តម្រូវការ​ជាក់ស្តែង ហើយ​បរិមាណ​កូន​កន្ធាយ គឺ​អាស្រ័យ​លើ​ទំហំ​អាង​នោះ​។

ចំណែក​នៅ​បាត​អាង ឬ​ស្រះ ត្រូវដាក់​ដីខ្សាច់​កម្រាស់ ១​ទៅ ២​តឹក និង​បញ្ចូល​ទឹក​ឲ្យ​ពេញ​ស្រះ​។ បន្ទាប់មក​បាច​កំបោរ​ប្រមាណ ១​គីឡូ​ទុកចោល​ប្រហែល ៣ អាទិត្យ សឹម​បញ្ចូល​ទឹក​បំពេញ មុននឹង​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​ទឹកស្អាត ឬ​អាច​ត្រាំ​ជាមួយ​ដើម​ចេក ចំនួន ៣ អាទិត្យ​ទៀត ទើប​អាចដាក់​កូន​កន្ធាយ​ចិញ្ចឹម​បាន​។ រីឯ​នៅ​មាត់​អាំង ឬ​ស្រះ ត្រូវ​ក្រប​ស័ង្កសី ឬ​ប្រើ​សំណាញ់​ព័ទ្ធជុំវិញ ដើម្បី​កុំ​ឲ្យ​កន្ធាយ​វា​ឡើង ហើយ​គេ​អាច​ដាំ​ត្រកួន កំប្លោក ចក​ជាដើម ដើម្បី​ជា​ម្លប់​ដល់​កន្ធាយ​។ សូមបញ្ជាក់ថា ទីតាំង​អាង ឬ​ស្រះ​ចិញ្ចឹម​ត្រូវមាន​ទីតាំង​ជិត​ផ្ទះ និង​ស្ងប់ស្ងាត់​ល្អ ដើម​ម្បី​ងាយស្រួល​ក្នុងការ​ថែទាំ​។

​ជាទូទៅ កន្ធាយ​ដែលមាន​តម្រូវការ​ទីផ្សារ​គឺមាន​ទម្ងន់​កន្លះ​គីឡូក្រាម​។ ដើម្បី​បាន​កន្ធាយ​ដែលមាន​កន្ធាយ​ចាប់ពី​កន្លះ​គីឡូក្រាម​ឡើង គឺ​ត្រូវ​ចំណាយពេល​ចិញ្ចឹម ពី ៧ ខែ ទៅ ៩ ខែ​។ ប៉ុន្តែ​បើ​ចិញ្ចឹម​ទុក​ធ្វើ​ពូជ គឺ​ត្រូវ​ចិញ្ចឹម​ចាប់ពី​១​ឆ្នាំ​ឡើងទៅ​។​

​ដើម្បី​ឲ្យ​កន្ធាយ​ធំធាត់​ល្អ គេ​ត្រូវ​ផ្តល់​ចំណី​ឲ្យ​វា​មួយថ្ងៃ ២​ដង ហើយ​ចំណី​របស់​កន្ធាយ គឺមាន​ទាំង​
​ចំណី​ឧស្សាហកម្ម​ដែល​កែច្នៃ​ពី​ក្រុមហ៊ុន និង​ចំណី​ធម្មជាតិ ដែលមាន​ដូចជា​សាច់​ត្រី​,​កូន​ត្រី​,​ឬ​ដំឡូងជ្វា​។ ប៉ុន្តែ​សម្រាប់​ចំណី​កូន​កន្ធាយ ដែល​ទើប​ដាក់​ក្នុង​អាង​ដំបូង ត្រូវ​ស្ងោរ​ដំឡូងជ្វា​ឲ្យ​ផុយ​ល្មម កិន​ឲ្យ​បែក​តូចៗ ឬ​សាច់​ត្រី​កិន យកទៅ​ចាក់​លើ​ក្ដា​មាត់​ស្រះ​ឲ្យ​វា​ស៊ី រហូត​បាន​មួយខែ​ទើប​អាច​ចិញ្ច្រាំ​ដំឡូង​ឆៅ​ល្អិតៗ ឲ្យ​វា​ស៊ី​បាន​៕






ព័ត៌មានទាក់ទង