កូនឈើ​៤​ពាន់​ដើម​ត្រូវបាន​ដាំ​ជា​លើក​ទី​៣ ក្នុង​ខេត្តសៀមរាប​

01/08/2020 4:00 pm ភ្នំពេញ

​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ មន្ទី​បរិស្ថាន​ខេត្តសៀមរាប​បាន​ដាំ​កូនឈើ​ចម្រុះ​ចំនួន ៤​ពាន់​ដើម លើ​ផ្ទៃដី​ជាង ៣​ហិច​តា នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម " ភ្នំ​គូលែន​" ខាងជើង​ស្ទឹងធំ តំបន់​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយមាន​ការគាំទ្រ​ពី​គម្រោង​មូលនិធិ​ភាពជា​ដៃគូ​កាបូន​ព្រៃឈើ​របស់​អង្គការ UNDP គម្រោង​ស្តារ​តំបន់​ទេសភាព​ព្រៃឈើ​ឡើងវិញ​របស់​អង្គការ FAO និង​អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​។



​បើតាម​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ក្រសួងបរិស្ថាន​ព្រឹត្តិការណ៍​ថ្ងៃនេះ រៀបចំ​ជា​លើក​ទី​៣ ហើយ​នៅ​ឆ្នាំ​២០២០ នេះ​។ លោក​បន្ថែមថា​ការដាំ​កូនឈើ​ជា​ថ្ងៃនេះ ដើម្បី​ស្តារ​គម្រប​បៃតង និង​គម្រប​ព្រៃឈើ​ឡើងវិញ​នៅក្នុង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​។​

​ការដាំ​កូនឈើ​ឡើងវិញ​នេះ​ពិត​ជាមាន​សារៈប្រយោជន៍ សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ​យើង​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ ក្រសួងបរិស្ថាន​បាននិងកំពុង​ការពារ ទប់ស្កាត់ និង​អនុវត្ត​វិធានការណ៍​នានា ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​កាប់​ទន្ទ្រាន​ដី​ខុសច្បាប់ ក៏ដូចជា​ជំរុញ​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ និង​រៀបចំ​ឱ្យមាន​អាង​ស្តុក​ទឹក​នៅតាម​តំបន់​សំខាន់ៗ ដើម្បីឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​នៅលើ​ភ្នំ​គូលែន​មាន​ភាពល្អប្រសើរ​ឡើងវិញ ជាពិសេស​ធានាបាន​នូវ​និរន្តរភាព​ទឹក​សម្រាប់​តំបន់​សៀមរាប​អង្គរ​។ នេះ​បើតាម​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

​សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​៣ ហើយ​ដែល​មន្ទី​បរិស្ថាន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​នេះ ដោយ​ពីរលើក​ដំបូង​បាន​ដាំ​កូនឈើ​ចម្រុះ​ចំនួន ៥ ៦០០​ដើម​នៅលើ​ខ្នងភ្នំ​គូលែន និង​លើក​ទី​៣ នេះ​កូនឈើ​ចម្រុះ​ចំនួន ៤ ០០០​ដើម​ដាំ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​៕

ព័ត៌មានទាក់ទង