ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​

31/07/2020 6:00 pm ភ្នំពេញ

ភ្នំពេញ​៖ ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង​នូវ​ថ្ងៃទី​៣១ កក្កដា ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ប៉ុន្តែ​កម្ពុជា​ទើបតែ​ប្រារព្ធ​ទិវា​មួយ​នេះ បាន​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ពី​ឆ្នាំ​២០១៧ ដោយ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​អន្តរជាតិ និង​ពលរដ្ឋ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងបរិស្ថាន​។​

​បើតាម​ក្រសួងបរិស្ថាន​ដដែល ទិវា​ឧ​ទ្យា​នុ​រក្ស ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ក្នុង​ការបំពេញ​កាតព្វកិច្ច​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ លើសពីនោះ ក៏មាន​បំណង​លើកកម្ពស់​ការយល់ដឹង​ដល់​សាធារណៈជន​ទាំង​អស់ពី​តួនាទី​ដ៏​សំខាន់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផងដែរ​។ មួយវិញទៀត ក្រសួង​ក៏​ចង់​ជំរុញ ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ថែរក្សា​ធម្មជាតិ​ដែលមាន​ឲ្យ​នៅ​ឋិតថេរ និង​ប្រកបដោយ​និរន្តរភាព​។​

​លោក នេត្រ ភ​ក្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​តួនាទី​សំខាន់​ក្នុងការ​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស មាន​បេសកម្ម​ការពារ​ធម្មជាតិ ដោយ​ការដើរ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​ច្បាស់​ថា​ធនធានធម្មជាតិ និង​សត្វព្រៃ​ត្រូវបាន​ការពារ ដោយ​ការកាប់បំផ្លាញ និង​បរបាញ់​ជាដើម​។ អ្នកនាំពាក្យ​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ធនធានធម្មជាតិ​របស់​យើង​អាច​នៅ​គង់វង្ស​ហើយ​ការពារ​បានល្អ​ប្រសើរ​នៅពេលនេះ គឺ​ដោយសារតែ​តួនាទី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​លះបង់​សព្វបែបយ៉ាង​ទាំងអស់ ពួកគាត់​ចូលទៅ​ក្នុងព្រៃ ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ដែលមាន​គ្រោះ​ថា្នក់ និង​ឧបសគ្គ ឡើង​ភ្នំ ចុះ​ទឹក ពេលខ្លះ​ត្រូវ​សែង​ម៉ូតូ ត្រូវ​សម្រាក​ក្នុងព្រៃ ដើម្បី​តាមដាន​ទៅលើ​បទល្មើស​ដែល​បាន​កើតឡើង​»​។ លោក បាន​បន្តថា ក្រៅពីនោះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដោយ​ការ​ដោះ​អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ និង​ចុះ​អប់រំ​ដល់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ និង​ប្រជា​សហគមន៍​មូលដ្ឋាន​ផងដែរ​។

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុមគ្រួសារ ដែល​បានអនុញ្ញាត និង​ការលះបង់ ដើម្បី​ថែរក្សា​ធម្មជាតិ ទោះបី​ត្រូវ​ប្រឈម​អាយុជីវិត​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​លះបង់​សព្វបែបយ៉ាង​ទាំងអស់​សម្រាប់​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១២៦០​នាក់ ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ហើយ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំងអស់​មាន​ចំនួន ៦៩​កន្លែង​ដូចជា ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​ប្រើប្រាស់​ដោយ​រូបភាព តំបន់​រ៉ា​ម​សារ របៀង​អភិរក្ស​ជីវចម្រុះ ដែលមាន​ផ្ទៃដី​ប្រមាណ​៧,៣​លាន​ហិកតា​។ រយៈពេល ៦​ខែ ឆ្នាំ​២០២០ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន​បាន​ចុះ​ល្បាត​ចំនួន ១៣ ៨០៤​លើក និង​បាន​បង្ក្រាប​បទល្មើស​បាន ៣៦៨៩ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បាន​ចំនួន ៣២៩​ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ២៥៧៨​គ្រឿង និង​ផាកពិន័យ​អន្តរកាល​ចំនួន​៤៣៣​ករណី​៕

ព័ត៌មានទាក់ទង