«ផ្ទះតាម៉ុក» គោលដៅទេសចរណ៍លំដាប់ទី១ សម្រាប់ខេត្តឧត្តរមានជ័យ

02/08/2020 10:59 am ឧត្តរមានជ័យ

ភ្នំពេញ៖ សារមន្ទីរផ្ទះតាម៉ុក គឺជារមណីយដា្ឋនទេសចរណ៍ប្រវត្តិសាស្ត្រមួយ ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេ ពីភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅក្នុងខេត្តឧត្តរមានជ័យ។ ផ្ទះតាម៉ុក ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៣ លើផ្ទៃដី១,៦១៤ហិកតា មានទីតាំងស្ថិតនៅ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មាន thmeythmey25 ថា ផ្ទះតាម៉ុក ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលទស្សនា ដោយសារភ្ញៀវទេសចរ ចង់ដើរទស្សនាផ្ទះ និងរបស់ប្រើប្រាស់របស់តាម៉ុកកាលពីសម័យខ្មែរក្រហម។ 

លោកស្រី មុនីរស្មីបន្ថែមថា៖«ទេសចរ ដែលទៅលេងផ្ទះតាម៉ុក គាត់អាចដើរមើលសំណង់អាគាចាស់ៗ សេសសល់ពីសម័យខ្មែរក្រហម ដែលជាផ្ទះរបស់តាម៉ុកស្នាក់នៅ ដែលមាន៤ផ្ទះ ហើយក្នុងផ្ទះនោះ គាត់បានឆ្លាក់រូបប្រាសាទព្រះវិហារ និងអង្គរវត្ត និងទស្សនារបស់ដែលសល់ពីសម័យខ្មែរក្រហម ដូចជាទ្រុងដែក ឡាន វិទ្យុជំនាន់សម័យតាម៉ុកដែលគាត់ប្រើប្រាស់ យើងបានរក្សាទុក និងដាក់តាំងនៅទីនោះតែម្ដង» ។ 

គួបញ្ជាក់ផងដែរថា ផ្ទះអតីតមេដឹកនាំខ្មែរក្រហម លោក ឈិន ជឿន ហៅតាម៉ុក បានក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ មួយក្នុងចំណោមរមណីយដ្ឋានប្រវត្តិសាស្ត្រទាំង១៤កន្លែង ក្នុងស្រុកអន្លង់វែង ដែលត្រូវបានកំណត់ក្នុងអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។ នេះបើតាមឯកសារ ពីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ៕

​រូបភាពថតដោយខាងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ
រូបភាពចម្លាក់ប្រាសាទព្រះវិហារក្នុងផ្ទះតាម៉ុក
រូបភាពថតដោយខាងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ
រូបភាពទ្រង់ដែកកាលសម័យខ្មែរក្រហម
រូបភាពពីពិពណ៌រូបថត១០០ នៅផ្ទះតាម៉ុក

ព័ត៌មានទាក់ទង