រដ្ឋត្រៀមកញ្ចប់ថវិកា៥០០លានដុល្លារទៀតសម្រាប់គាំទ្រ SME ក្នុងវិបត្តិ COVID-19

02/08/2020 8:59 am ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន៥០០លានដុល្លារបន្ថែមទៀត សម្រាប់គាំទ្រដល់វិស័យសហគ្រាសធុនតូច-មធ្យម(SME)នៅកម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩។ នេះការលើកឡើងរបស់លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មានស្តីពី  «ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម(SME)» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០កក្កដា ឆ្នាំ២០២០។

លោក រស់ ស៊ីលវ៉ា បានបញ្ជាក់ថា កញ្ចប់ថវិកា៥០០លានដុល្លារបន្ថែមសម្រាប់គាំទ្រដល់វិស័យ SME នោះ  រដ្ឋាភិបាលបានបែកចែកដាច់ដោយឡែក២ផ្សេងគ្នា។ ក្នុងនោះមាន២០០លានដុលា្លរ សម្រាប់គម្រោងធានាឥណទាន និង៣០០លានដុល្លារទៀត សម្រាប់គម្រោងបំពេញបន្ថែម ឬផ្តល់កម្ចីបន្ថែម ដល់សហគ្រាសធុនតូច និងមធ្យម។ 

បើតាមលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ សម្រាប់គម្រោងធានាឥណទានចំនួន២០០លានដុលា្លរនោះ សព្វថ្ងៃរដ្ឋាភិបាលកំពុងរៀបចំបង្កើតក្រុមហ៊ុនអាជីវកម្មធានាឥណទានមួយដែលជាក្រុមហ៊ុនរបស់រដ្ឋ នឹងដំណើរនៅក្នុងអំឡុងខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០។ 

ដោយឡែក សម្រាប់គម្រោងថវិកាបំពេញបន្ថែម ឬផ្តល់កម្ចីបន្ថែម ដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសាច់ប្រាក់៣០០លានដុល្លារនោះ រដ្ឋាភិបាលនឹងប្រើប្រាស់បន្ទាប់ពីកញ្ចប់ថវិកាជំហ៊ានទីមួយ ចំនួន១៥០លានដុល្លារ បានផ្តល់ជូនឱ្យ SME អស់ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) ចំនួន៥០លានដុលា្លរ និងតាមរយៈធនាគារ SME Bank ចំនួន១០០លានដុល្លារ។  

លោក រស់ ស៊ីលវ៉ា មានប្រសាសន៍ដូច្នេះ៖« ប្រសិនបើ[ធនាគារអភិវឌ្ឍន៍ជនបទ និង ធនាគារ SME Bank] អនុវត្តកញ្ចប់ថវិកាជំហានទីមួយរបស់រដ្ឋាភិបាលសម្រាប់ផ្តល់ឱ្យ SME អស់ យើងនឹងបន្តអនុវត្តថវិកា៣០០លានដុលា្លរនេះ»។  

គិតត្រឹមថ្ងៃទី២៨កក្កដា ឆ្នាំ២០២០ ថវិកាចំនួន៥០លានដុល្លារដែលរដ្ឋាភិបាលទម្លាប់ឱ្យធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ផ្តល់កម្ចីឱ្យសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម ដោយអត្រាការប្រាក់ក្នុងរង្វង់៥ភាគរយនោះ បានអនុម័តអស់១១,៣៧៨,០០០ដុល្លារ។ រីឯថវិកា១០០លានដុល្លារ សម្រាប់ផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យម ផ្នែកកម្មន្តសាល និងសិប្បកម្ម តាមរយៈធនាគារSME Bank ក្នុងរង្វង់ការប្រាក់៧ភាគរយនោះ បានអនុម័តអស់២១,៤៤លានដុល្លារ។ នេះបើតាមលោក រស់ ស៊ីលវ៉ា៕
 

ព័ត៌មានទាក់ទង