ក្រសួងទេសចរណ៍ គ្រោងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

01/08/2020 10:59 am សៀមរាប

សៀមរាប៖ ក្រសួងទេសចរណ៍ គ្រោងចាប់ផ្ដើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញភ្ញៀវទេសចរក្នុងស្រុក ខណៈភ្ញៀវអន្តរជាតិនៅតែបន្តធ្លាក់ចុះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ។ 

បើតាមក្រសួងទេសចរណ៍ ការរៀបចំដំណើរការកញ្ចប់ទស្សនកិច្ចថ្មីនេះឡើង មានគោលដៅធំក្នុងការផ្ដល់បទពិសោធន៍ប្លែកថ្មី និងធានាសុវត្ថិភាពជូនអ្នកទេសចរក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលអ្នកមកលេងកម្សាន្ត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ 

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថា៖ «កញ្ចប់ទស្សនកិច្ចកម្សាន្តនេះ នឹងផ្ដល់ឱ្យភ្ញៀវទេសចរនៅការស្នាក់ក្នុងសណ្ឋាគារប្រណិត ការទស្សនាកន្លែងថ្មីៗ ជាមួយនិងមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងតម្លៃមួយយ៉ាងពិសេស»។

លោកបានបន្តទៀតថា ក្នុងកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺជាដំណើរទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារផ្កាយ៥ ហើយគោលដៅនៃដំណើរកម្សាន្តនោះ គឺផ្ដោតសំខាន់ទៅលើខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា៕

សៀមរាបទេសចរណ៍

ព័ត៌មានទាក់ទង