យុវជន សូ សុទ្ធ ដាំ«អាហ្សូឡា»សម្រាប់ជាចំណីមាន់ ទា ត្រី កង្កែប និងលក់ឲ្យកសិករដទៃ

18/08/2020 5:00 pm ស្វាយរៀង

អាហ្សូឡា រុក្ខជាតិម្យ៉ាងអណ្ដែតទឹកម្យ៉ាង ស្រដៀងនឹងចក ហើយវាជារុក្ខជាតិដែលមានសារធាតុជំនួយដល់ការធំធាត់របស់សត្វ។ រុក្ខជាតិនេះត្រូវបានគេយកទៅជាមួយកន្ទក់ ស្រូវ និងបាយកក ធ្វើជាចំណីធម្មជាតិសម្រាប់សត្វមាន់ ទា ត្រី កង្កែប កន្ធាយ ជ្រូកជាដើម។  នេះបើតាមយុវជន សូ សុទ្ធ ជាម្ចាស់កសិដ្ឋានអាហ្សូឡាស្វាយរៀង ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទ។

យុវជន សូ សុទ្ធ ជាម្ចាស់កសិដ្ឋានអាហ្សូឡាស្វាយរៀង បានដាំរុក្ខជាតិអាហ្សូឡា ជិត១ឆ្នាំមកហើយ សម្រាប់ធ្វើជាចំណីត្រី កង្កែប និងមាន់របស់ខ្លួន ហើយមួយចំនួនទៀត គឺលក់ឲ្យកសិករដូចគ្នា។ កសិករវ័យក្មេងរូបនេះ ពន្យល់ប្រាប់ ThmeyThmey25ថា មូលហេតុដែលលោក ដាំអាហ្សូឡា ធ្វើជាចំណីបែបធម្មជាតិនេះ ក៏ព្រោះជួយឲ្យសត្វមាន់ ទា ត្រី ឆាប់ធំធាត់ មិនមានជំងឺ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ម្យ៉ាងវិញទៀត រុក្ខជាតិនេះ ក៏ជួយកាត់បន្ថយការចំណាយរបស់គេ ទៅលើការទិញចំណីសត្វផងដែរ។ 

កសិករវ័យ២៦ឆ្នាំរូបនេះ ថ្លែងប្រាប់ ThmeyThmey25ថា ក្នុងមួយថ្ងៃ រូបគេអាចលក់អាហ្សូឡា ប្រមាណ១០ ទៅ២០គីឡូក្រាម  ជាមួយនឹងតម្លៃ២ម៉ឺនរៀល ក្នុង១គីឡូក្រាម។ ជាមធ្យម ចំណូលពីការលក់រុក្ខជាតិ អាហ្សូឡាក្នុង ១ខែ បានប្រមាណ ២-៣លានរៀល។ នេះបើតាមម្ចាស់ កសិដ្ឋានអាហ្សូឡាស្វាយរៀង។ ក្រៅពីចំណូលនេះ យុវជន សូ សុទ្ធ ក៏ទទួលបានចំណូល ពីការលក់មាន់ ទា ត្រី និងកង្កែបបន្ថែមទៀតដែរ។ 

រុក្ខជាតិនេះ ត្រូវបានគេយកទៅជាមួយកន្ទក់ ស្រូវ និងបាយកក ទើបក្លាយជាចំណីធម្មជាតិសម្រាប់ មាន់ ទា ត្រី កង្កែប និងជ្រូក ។ កសិករ សុទ្ធ ពន្យល់ពីរបៀបលាយចំណីធម្មជាតិនេះដូច្នេះ៖«គេត្រូវយកអាហ្សូឡា ចំនួន៦៥ភាគរយ,កន្ទក់ ១៥ភាគរយ, ស្រូវ ១០ភាគរយ, បាយកក ១០ភាគរយ រួចលាយបញ្ចូលគ្នារួចជាការស្រេច ហើយគេដាក់ឲ្យវា(សត្វ)ស៊ីបាន»៕ 

កសិករ សូ សុទ្ធ
រុក្ខជាតិអាហ្សូឡា
អាហ្សូឡា របស់កសិដ្ឋានអាហ្សូឡាស្វាយរៀង

ព័ត៌មានទាក់ទង