កូវីដ-១៩៖ ផលិតផលកសិកម្ម ៤ប្រភេទ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​

31/07/2020 2:00 pm ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទុនដល់ធនាគារចំនួន២ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ដើម្បីផ្ដល់មូលនិធិឲ្យពលរដ្ឋក្នុងផលិតផលកសិកម្ម ៤ ប្រភេទ មានក្រុមអ្នកផលិត ការដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលកែច្នៃ។ នេះបើតាមលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទក្នុងសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការ និងនីតិវិធីនៃគម្រោង ហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម» នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០។


-

​លោក កៅ ថាច បញ្ជាក់ថា​៖«​ធនាគារ ARDB មាន​តួនាទី​ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កែច្នៃ​ផលិតផល​កសិកម្ម ដែល​ពាក់ព័ន្ធ​កសិកម្ម​។ ចំណែក SME Bank ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កសិកម្ម​»​។ លោក​បន្តថា បច្ចុប្បន្ន​ធនាគារ​អភិវឌ្ឍន៍ជនបទ ទទួលបាន​ពាក្យស្នើសុំ​ពី​ពលរដ្ឋ​លើ​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​ទំហំ ៤៥​លាន​ដុល្លារ និង​មាន ៤៥០​សហគ្រាស នៅក្នុង​នោះបាន​ធ្វើការ​ផ្តល់​កម្ចី​បានតែ​ជាង ១០​លាន​ដុល្លារ ស្មើនឹង​ជាង ១០០ សហគ្រាស​។

​បើតាម​របាយការណ៍ ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​អ្នកស្នើសុំ​ឥណទាន​មាន​ចំនួន ៤៣០​នាក់ សរុប​ជា​ទឹកប្រាក់ ៤២​លាន​ដុល្លារ ទៅលើ​ការចិញ្ចឹម​ជ្រូក ២៨​ភាគរយ​, ការចិញ្ចឹម​ត្រី ២៧​ភាគរយ​, ការចិញ្ចឹម​មាន់​-​ទា ១៥​ភាគរយ​, ការចិញ្ចឹម​គោ ៦​ភាគរយ​, ការដាំដុះ​បន្លែ​-​ផ្លែឈើ ១៧​ភាគរយ​, ការកែច្នៃ​ផលិតផល​កសិកម្ម និង​ផ្សេងៗ ៧​ភាគរយ​។

​កន្លងមក សម្ដេច ហ៊ុន សែន បានដាក់​ចេញ​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​មាន​ទឹកប្រាក់ ៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​ដើម្បី​គាំទ្រ​ដល់​ប្រជាកសិករ ប្រជា​សហគមន៍​ដាំ​ដុះ​បន្លែ ផ្លែឈើ ច​ញ្ចឹ​ម​សត្វ ច​ញ្ចឹ​ម​ត្រី និង​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​។

​ហិរញ្ញប្បទាន​នេះ មាន​គោលបំណង​ទ្រទ្រង់​និរន្ត​ភាព វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិតភាព​ក្នុងស្រុក ដើម្បី​នាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល នៅក្នុង​ដំណាក់​កាលដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​កើតចេញពី​ជំងឺឆ្លង​កូ​វីដ​១៩៕

ព័ត៌មានទាក់ទង