លើសពីអង្គរវត្ត…!
សៀមរាប៖ អង្គរវត្ត និងលើសពីនេះ…! នេះ គឺជាកម្មវិធីថ្មីមួយទៀតដែលសារព័ត៌មានអេឡិចត្រូនិក Thmeythmey ត្រៀមនឹងបង្កើតឡើងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ អង្គរវត្ត និងលើសពីនេះ…! គឺជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ, វប្បធម៌, ប្រពៃណី, ធម្មជាតិ(សត្វ និងព្រៃ), បុរាណស្ថាន, តំបន់ប្រវត្តិសាស្ត្រ, ម្ហូបអាហារ, សម្លៀកបំពាក់។ល។ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមនីយដ្ឋានអង្គរ។ សារព័ត៌មានអេឡិចត្រូនិក Thmeythmey ដោយមានការការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្ត្រទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាបីភាសា៖ ខ្មែរ អង់គ្លេស និងភាសាបារាំង(មិនទាន់ប្រាកដ)។
ខេត្តសៀមរាប ទីក្រុងអង្គរ ឬទីក្រុងប្រាសាទ គឺជារមនីយដ្ឋានដ៏ល្បីល្បាញមួយនៅលើពិភពលោក។ លក្ខណៈពិសេសរបស់រមនីយដ្ឋានអង្គរ និងឧទ្យានអង្គរ គឺមានវត្តមាននៃជីវិតរមនីយដ្ឋាន និងជីវិតមនុស្សរស់នៅជាមួយគ្នា។ នៅលើពិភពលោក រមនីយដ្ឋានទេសចរណ៍ភាគច្រើនមិនមានវត្តមានមនុស្សរស់នៅក្បែរទេ។
ដោយយល់ឃើញពីតម្លៃដ៏មហិមានៃរមនីយដ្ឋានអង្គរ-ឧទ្យានអង្គរ និងកង្វះខាតខ្លះៗនៃដំណើរការចងក្រងឯកសារមួយចំនួនផងដែរនោះ(ឯកសារមួយចំនួនធំបានចងក្រងហើយ), សារព័ត៌មានអេឡិចត្រូនិក Thmeythmey បានសម្រេចចិត្តបង្កើតកម្មវិធី«អង្គរវត្ត និងលើសពីនេះ…!»ដើម្បីចូលរួមចំណែកផលិតឯកសារប្រវត្តិសាស្ត្រមួយចំនួនបន្ថែមទៀតនៅតាមប្រាង្គប្រាសាទនានានៅតាមរមណីយដ្ឋាន និងឧទ្យានអង្គរក្នុងខេត្តសៀមរាប។
ការផលិតឯកសារប្រវត្តិនេះ មានគោលបំណងចម្បងពីរយ៉ាង៖ ទីមួយ គឺដើម្បីចូលរួមចងក្រងប្រវត្តិប្រាសាទ ឬតំបន់ប្រវត្តិសាស្ត្រទាំងឡាយណាដែលមិនទាន់មានការចងក្រងគ្រប់គ្រាន់-ត្រឹមត្រូវ និងពីរ គឺដើម្បីចូលរួមផ្សព្វផ្សាយបន្ថែមពីបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រទៅកាន់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ និងទៅកាន់ពិភពលោក(ជំរុញវិស័យទេសចរណ៍ខ្មែរ)។ សារព័ត៌មានអេឡិចត្រូនិក Thmeythmey មានបេសសកម្មរបស់ខ្លួនដោយប្រើប្រាស់ឧបករណ៍បណ្តាញព័ត៌មាន តាមរយៈបច្ចេកវិទ្យាព័ត៌មាន ដើម្បីអភិវឌ្ឍសង្គមកម្ពុជា (Media and Technology for the Development)។
នេះ មិនមែនជាកម្មវិធីលើកដំបូងរបស់សារព័ត៌មានអេឡិចត្រូនិក Thmeythmey នោះទេ។ តាមពិត ក្រៅពីផ្តល់ព័ត៌មានបច្ចុប្បន្នភាព សារព័ត៌មានអេឡិចត្រូនិក Thmeythmey បានបង្កើតកម្មវិធីជំរុញវិស័យទេសចរណ៍ក្នុងស្រុកដូចជាកម្មវិធី Mercedes-Benz និងកំណប់អាថ៌កំបាំង(ដោយមានការសហការពីក្រសួងទេសចរណ៍), ដំណើរកម្សាន្តតាមព្រៃនៃកម្មវិធី Cambodia Amazing and Thmeythmey25 និងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានវ័យក្មេងនៅតាមបណ្តាខេត្តនានា(ដោយមានការសហការពីស្ថាប័នអង្គការក្រៅរដ្ឋាភិបាល)។
ងាកមកកម្មវិធី«អង្គរវត្ត និងលើសពីនេះ…!» នេះ គឺជាកម្មវិធីថ្មីមួយទៀតដែលសារព័ត៌មានអេឡិចត្រូនិក Thmeythmey ផ្តោតលើវិស័យវប្បធម៌ដែលជាប្រភពចំណូលនៃវិស័យទេសចរណ៍មិនចេះរីងស្ងួត។ នៅក្នុងជំនួបជាមួយក្រុមការងារនៃអាជ្ញាធរអប្សរា លោក លាង ដឺលុច អគ្គនាយកនៃក្រុមហ៊ុនសារព័ត៌មានអេឡិចត្រូនិក Thmeythmey បានលើកឡើងថា៖«កម្មវិធីនេះ នឹងចូលរួមចំណែកផលិតឯកសារវីដេអូដែលមានលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀត ហើយសកម្មភាពនេះ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការអភិរក្សឯកសារផ្សេងៗផងដែរ»។ លោក ដឺលុច បន្ថែមទៀតថា ក្រោយផលិតឯកសារវីដេអូរួចហើយ សារព័ត៌មានអេឡិចត្រូនិក Thmeythmey នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់មហាជនទាំងនៅក្នុង និងក្រៅប្រទេស។
ជាការឆ្លើយតប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាដែលជាអ្នកផ្តួចផ្តើមគំនិត និងគាំទ្រការផលិតឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់ថា៖«រឿងរ៉ាវប្រវត្តិសាស្ត្រនានានៅតំបន់អង្គរមានច្រើនណាស់ដែលទាមទារឲ្យមានក្រុមជំនាញគ្រប់ផ្នែកចូលរួមសហការចងក្រង អភិរក្ស និងផ្សព្វផ្សាយបន្ថែមទៀតក្នុងន័យចែករំលែកចំណេះដឹងទៅកាន់ពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ និង ជនបរទេសបន្ថែមទៀត។ ហើយសកម្មភាពផ្សព្វផ្សាយនេះ នឹងចូលរួមជំរុញវិស័យទេសចរណ៍»។
ជីវិតប្រាសាទនីមួយៗ, ដំណើរដើមទងនៃការកសាងប្រព័ន្ធធារាសាស្ត្រសម័យអង្គរ, ជីវិតអ្នកសង្គ្រោះប្រាសាទ, ប្រវត្តិសត្វដំរីក្នុងការកសាងអង្គរ, ជីវិតសហគមន៍រស់នៅក្នុងឧទ្យានអង្គរ, ប្រវត្តិប្រពៃណីអ្នកភូមិតំបន់អង្គរ, ប្រវត្តិម្ហូអាហារសម័យដើម, ហេតុអ្វីបានជាឈ្មោះអង្គរ…នឹងត្រូវផលិតចេញជាឯកសារវីដេអូ និងចាក់ផ្សាយក្នុងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com