កសិករ​នៅ​ស្រុក​គងពិសី រំពឹង​ជោគជ័យ​លើ​ការចិញ្ចឹម​បង្កង​ធម្មជាតិ​ជា​លើកដំបូង​

30/07/2020 3:00 pm កំពង់ស្ពឺ

លោក ជា អឿន ជា​កសិករ រស់នៅ​ភូមិ​ត្រាំរនាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កំពុង ចិញ្ចឹម​បង្កង​ធម្មជាតិ​សាកល្បង ជាង​៧​ម៉ឺន​ក្បាល ដែលមាន​អាង​ចិញ្ចឹម​ចំនួន​៣​។ កសិករ​រូបនេះ ជឿថា​ការចិញ្ចឹម​បង្កង​របស់ខ្លួន នឹង​ទទួលបាន​ជោគជ័យ ដោយសារតែ​លោក​ទទួល​ចំណេះដឹង​យ៉ាងច្រើន​ពី​បច្ចេកទេស​ចិញ្ចឹម មុន​ចាប់ផ្តើម​ការងារ​នេះ​។​



​លោក ចែម ភឺន​រី​ម​វុទ្ធី អភិបាលស្រុក​គងពិសី បាន​ចុះ​ពិនិត្យ​ទីតាំង​ការចិញ្ចឹម​បង្កង​ធម្មជាតិ​លក្ខណៈ​គ្រួសារ​នេះ កាលពីពេល​ថ្មីៗ​នេះ​។ នេះបើតាម​រដ្ឋបាល​ស្រុក​គងពិសី ចុះផ្សាយ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២០​។​

​នាយរង​កា​រិ​យា​ល័យ​ស្រុក​គងពិសី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា អភិបាលស្រុក​គងពិសី បាន​ជំរុញ​ឲ្រ​ពលរដ្ឋ​ផ្សេងទៀត បង្កើន​ការចិញ្ចឹម​បង្កង​ផងដែរ ហើយ​ស្រុក អាចជួយ​ចងក្រង​សហគមន៍​កសិកម្ម ដូចជា​សហគមន៍​បន្លែ និង​ការ​ចិញ្ចឹមសត្វ​ដែរ ដើម្បី​ផ្ដល់​ដើមទុន បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​បង្កង​ដល់​កសិករ រួមទាំង​ការរក​ទីផ្សារ​ផងដែរ​។

​បើតាម​របាយការណ៍​កសិកម្ម​ខេត្តកំពង់ស្ពឺ លើ​វិស័យ​វារីវប្បកម្ម ខេត្ត​មាន​សហគមន៍​ស្រះ​ជម្រក​ត្រី​ធម្មជាតិ​ចំនួន ៧៣​កន្លែង និង​បឹង​ធម្មជាតិ​ចំនួន ៦​កន្លែង ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​ចំនួន ៣​កន្លែង បាន​ដំណើរ​ការផលិត​កូន​ត្រី​ពូជ ៧​ប្រភេទ (​ឆ្ពិន ទី​ឡា​ព្យា កាប​ឥណ្ឌា កាប​សាមញ្ញ កា​បស អណ្តែង និង​ប្រា​) សរុប​ចំនួន ៦១៣.០០០​ក្បាល ក្នុង​នោះបាន​លក់​កូន​ត្រី​ពូជ​ជូន​កសិករ​ចិញ្ចឹម​ចំនួន ១៦២ គ្រួសារ សរុប​ចំនួន ១៤៦.៥៥០​ក្បាល​៕

ព័ត៌មានទាក់ទង