លោក​ ឃឹម ហ្វីណង់ ស្នើឲ្យរមណីយដ្ឋាននៅស្រុកបន្ទាយស្រីមានបដិសណ្ឋារកិច្ចនិងអនាម័យល្អ ដើម្បីត្រៀមទទួលទេសចរ

30/07/2020 12:00 pm សៀមរាប

ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកនាខែសីហាខាងមុខ រមណីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួន នឹងបើកឲ្យដំណើការឡើងវិញ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទ។


 

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រាប់ថ្មីៗ២៥ដូច្នេះថា៖ «យើងបានស្នើសុំប្រជាពលរដ្ឋឲ្យមានគំនិត បែបបដិសណ្ឋារកិច្ច បានន័យថា រួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់នៃការផ្ដល់សេវាកម្មរបស់គាត់ ក៏ដូចជាការធានាបាននូវអនាម័យ ដែលបង្ហាញពីអត្តចរិតរបស់អ្នកភូមិទេសចរណ៍»។ 

ចំពោះសេវាកម្មផ្ទះសំណាក់ ឬសណ្ឋាគារវិញ ស្រុកបន្ទាយស្រីពុំសូវមានច្រើននៅឡើយទេ។ ជំនួសមកវិញ ស្រុកបន្ទាយស្រី មានសេវាផ្ទះស្នាក់ (Home Stay) របស់ប្រជាពលរដ្ឋ ដែលអាចឲ្យភ្ញៀវសម្រាកបាន។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា រាល់តំបន់ទេសចរណ៍នីមួយៗ រដ្ឋបាលស្រុកបានរៀបចំឲ្យមានបន្ទប់ទឹក ការគ្រប់គ្រងសំរាម និងចំណត់ថយន្តឲ្យបានគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរ។

«​បើទោះបី​ជាមាន​បញ្ហា​កូ​វីដ​-១៩ ក្ដី ខ្ញុំ​សង្ឃឹមថា ស្រុក​បន្ទាយស្រី នឹងមាន​ភ្ញៀវទេសចរ​យ៉ាងហោចណាស់ ៤ ទៅ ៥​ម៉ឺន​នាក់មក​កម្សាន្ត​»​។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ដោយបន្ថែមថា លោកបាន​ជួបប្រជុំ​ជាមួយ​តំណាង​សហគមន៍​ទេសចរណ៍​ទាំងអស់ ដើម្បី​ពង្រឹង​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​បទ​បញ្ជារបស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ពី​បញ្ហា​កើតឡើង​ជាយថាហេតុ​ណាមួយ​។​

អភិបាលស្រុកបន្ទាយស្រីរូបនេះ បានលើកឡើង ស្រុកបន្ទាយស្រី នឹងមិនមានការរៀបចំព្រឹត្តិការណ៍អ្វីធំទេ។ ប៉ុន្តែ ភូមិព្រះដាក ដែលជាភូមិគំរូ នឹងមានការតុបតែងលម្អតាមដងផ្លូវ និងការលក់ដូរ ម្ហូមអាហារ និង សម្ភារៈសិប្បកម្មរបស់អ្នកស្រុកជាដើម។ នៅភូមិព្រះដាក គឺជាភូមិគំរូរបស់ស្រុកបន្ទាយស្រី គឺគេតែល្បីរឿងនំបញ្ចុកស្រាប់។

លោក ហ្វីណង់ បញ្ជាក់ដូច្នេះថា៖«ខ្ញុំបានជួបជាមួយអ្នកភូមិទាំងមូលតែម្ដង។ អ៊ីចឹង កំណាត់ផ្លូវនៅក្នុងភូមិដែលយើងគិតថាជាភូមិគំរូនេះ យើងនឹងជំរុញឲ្យប្រជាជននៅក្នុងភូមិ ចេញមកលក់ដូរនៅតាមកំណាត់ផ្លូវនេះតែម្ដង។ ដោយផ្ទះនីមួយៗ គាត់លក់តាមលទ្ធភាពរបស់គាត់ អ្នកខ្លះគាត់លក់នំបញ្ចុក អ្នកខ្លះគេលក់មាន់អាំង កង្កែបបោក ហើយមានរបស់ជាកសិផល និងសិប្បកម្មមួយចំនួនរបស់គាត់ថែមទៀត»។

សូមបញ្ជាក់ថា បន្ទាយស្រី ជាស្រុកមួយនៅខេត្តសៀមរាប ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ ទាំងទេសចរណ៍ប្រវត្តិសាស្រ្ត និងទេសចរណ៍ជនបទ ​ដូចជា ភូមិ​ព្រះ​ដាក រមណីយដ្ឋាន​បឹង​ឈូក និង​ផ្ទះ​ស្នាក់​បៃតង​នៅ​បឹង​ដូន​រីក​ជាដើម​៕

ព័ត៌មានទាក់ទង