លោក វេ​ង សាខុន ជំរុញ​ឲ្យ​កសិករ ម៉េង​ឈាង ពង្រីក​ផ្ទៃដី​ដាំ​បន្លែ​ឲ្យ​បាន ១៦​ហិកតា​

29/07/2020 4:00 pm មណ្ឌលគីរី

​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២០ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ស្ពៃក្ដោប និង​ស្ពៃបូកគោ ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ឲ្យ​ដល់ ១៦​ហិកតា និង​ជួយ​រក​ទីផ្សារ​ផងដែរ​។ នេះ​បើតាម​កសិករ គ្រី ម៉េង​ឈាង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរសព្ទ​។​


កសិករ ម៉េងឈាង បាន​ប្រាប់ថា​លោក​ចាប់ផ្ដើម​ដាំ​បន្លែ​តាំងពី​ឆ្នាំ​២០១៤ សព្វថ្ងៃ​បាន​ដាំ​បន្លែ​ប្រមាណ ១០​មុខ លើ​ផ្ទៃដី ៥​ហិកតា មានដូចជា​ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ ដំឡូងបារាំង ខ្ទឹមបារាំង ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់​ណាស​។ ដោយឡែក​សម្រាប់តែ​ផ្ទៃដី​បន្លែ​ស្ពៃក្ដោប​មាន​ផ្ទៃដី​ជាង ១​ហិកតា ហើយ​បរិមាណ​ប្រមូល​ផល​ម្ដង​ជាង ៣​តោន គិត​ជា​ទឹកប្រាក់ ៨ ០០០​រៀល​ក្នុង​មួយ​គីឡូ​។ លោក​បាន​បន្តថា​ទីផ្សារ​បន្លែ​របស់​លោកមា​នទី​ផ្សារ​ទូលាយ អាច​នាំ​ចេញទៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម 

​ស្របពេល​ចុះ​ពិនិត្យ​ចម្ការ​បន្លែ​របស់​កសិក​រ ស្ថិតនៅ​ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មានជ័យ ស្រុក​សុខដុម ខេត្តមណ្ឌលគិរី ដោយសារ​សម្លឹងមើល​ពី​សក្កដានុពល​ខ្ពស់​នូវ​កសិផល​របស់​កសិករ​បាន​ជំរុញ​ឲ្យ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្លែ​របស់​កសិករ​ខាងលើ​ឲ្យ​បាន ១៦​ហិកតា​បង្កើន​ការដាំ​បន្លែ និង​ជួយ​រក​ទីផ្សារ​ដល់​កសិករ​។ បើតាម​កសិករ ម៉េង​ឈាង ក្នុង​មួយឆ្នាំ​អាច​ផ្ដល់​ចំណូល​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​ពី​ការដាំ​បន្លែ​។ 


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

ទោះបី​ការដាំ​បន្លែ​របស់​កសិករ​រូបនេះ​ទទួលជោគជ័យ តែ​ក៏បាន​ផលវិបាក​ខ្លះៗ​ដែរ ដូចជា​នៅ​រដូវភ្លៀង​ធ្វើ​ឲ្យ​ដំណាំ​របស់លោក​ពិបាក​ប្រមូល​ផល និង​អាច​ខូចគុណភាព​។ ទាក់ទង​ការមើល​ថែ​មិនបាន​ចោទ​ជា​បញ្ហា​នោះទេ ដោយសារ​លោក​បានរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​បានល្អ និង​មាន​កម្មករ​ដើម្បី​មើលថែ​។ នេះ​ជាការ​លើកឡើង​របស់​ក​សិ​ករ គ្រី ម៉េង​ឈាង​៕

រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

ព័ត៌មានទាក់ទង