ទើបតែ​ចាប់​របរ​ភ្ញាស់​បង្កង​លក់ អ្នកនាង គីម​សាន អាច​រកចំណូលបាន​៧០០​ដុល្លារ​ក្នុង​មួយខែ​

29/10/2020 1:00 pm កំពង់ចាម

​អ្នកនាង ស៊ុយ គីម​សាន ជា​កសិករ​ម្នាក់ ដែល​កំពុង​ជោគជ័យ​ក្នុង​របរ​ភ្ញាស់​បង្កង​លក់ ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ មាន​វ័យ​៤១​ឆ្នាំ អ្នកនាង គីម​សាន ចាប់ផ្តើម​ចិញ្ចឹម​បង្កង ក្នុង​ខែតុលា ឆ្នាំ​២០១៩ ដោយ​ផ្ដើម​ត្រឹម​ដើមទុន​តែ ៥០០​ដុល្លារ​។  ត្រឹមតែ​រយៈ​ខ្លី គឺ​តែ​១០​ខែ​ប៉ុណ្ណោះ អ្នកនាង​គឹម​សាន អះអាងថា ខ្លួន​មាន​ចំណូល​ជា​មធ្យម​៧០០​ដុល្លារ​ក្នុង​មួយខែ​។​



​រស់នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម អ្នកនាង ស៊ុយ គីម​សាន ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរស័ព្ទ​ថា នាង​ជា អតីត​ពលករ​នៅ​កូរ៉េ​១០​ឆ្នាំ ក្នុង​វិស័យ​កសិកម្ម​។ ពេល​មក​ស្រុកកំណើត​វិញ ស្ត្រី​វ័យ ៤១​ឆ្នាំ​រូបនេះ អ្នកនាង​រៀន​ពី​យូ​ធូប និង​សួរ​របៀប​ចិញ្ចឹម​ពី​អ្នក​ចិញ្ចឹម​មុនៗ ហើយក៏​ចាប់យក​របរ​ភ្ញាស់​កូន​បង្កង និង​លក់​មេ​បង្កង​ពូជ​នេះ​តែម្តង​។​

​អ្នកនាង គីម​សាន ពន្យល់ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​អ្នកនាង​ចាប់យក​របរ​ចិញ្ចឹម​បង្កង​នេះ ដោយសារ​អ្នកនាង​មើលឃើញ​ពី​តម្រូវការ​បង្កង​កាន់តែច្រើន​នៅ​កម្ពុជា ប៉ុន្តែ​បរិមាណ​ផ្គត់ផ្គង់​មិនទាន់​គ្រប់គ្រាន់ ខណៈដែល​ពេលនោះ​មិនទាន់មាន​អ្នក​ចិញ្ចឹម​ច្រើន​នៅឡើយ​។​



 សព្វថ្ងៃ​កសិដ្ឋាន​របស់​អ្នកនាង គីម​សាន កំពុង​ផ្គត់ផ្គង់​កូន​បង្កង និង​មេ​បង្កង​ពូជ នៅក្នុង​ខេត្តកំពង់ចាម និង​តាម​ខេត្ត​ផ្សេងទៀត​ដូចជា ខេត្តកណ្ដាល កំពង់ធំ ក្រចេះ និង​ខេត្តសៀមរាប​។ បើតាម ស្ត្រី​រូបនេះ មេ​បង្កង​ពូជ​អ្នកនាង លក់​១​គូ​តម្លៃ ៣៥ ០០០​រៀល និង​កូន​បង្កង ១​ក្បាល មានតម្លៃ ១ ៥០០​រៀល​។ 

​អ្នក​ខេត្តកំពង់ចាម​រូបនេះ អះអាង​ទៀតថា ខ្លួន​អាច​រកចំណូលបាន​ជាម​ធ្យ​ម ៧០០​ដុល្លារ ក្នុង​មួយខែ​។ ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ ស្ត្រី​វ័យ​៤១​ឆ្នាំ​រូបនេះ នឹង​ពង្រីក​ការចិញ្ចឹម​បង្កង​បន្ថែមទៀត​ដែរ នៅ​ថ្ងៃ​ខាងមុខ​៕



ព័ត៌មានទាក់ទង