សាលា​ផ្អាក​ដោយសារ​កូ​វីដ​-១៩! និស្សិត​កសិកម្ម​ឆ្នាំ​ទី​៣ សុខ​ណុ​ច យក​ពេល​ទៅ​ចិញ្ចឹម និង​ភ្ញាស់​កូន​កង្កែប​ផ្គត់ផ្គង់​លើ​ទីផ្សារ

27/07/2020 4:00 pm មណ្ឌលគីរី

​កញ្ញា កន សុខ​ណុ​ច ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ជលផល នៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម បាន​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា​ដែល​សាលា​បាន​ផ្អាក​​ដោយសារ​​កូ​វីដ​-១៩ ទៅ​អនុវត្ត​ការចិញ្ចឹម និង​បង្កាត់​ភ្ញាស់​កូន​កង្កែប​រហូត​ទទួលបាន​ជោគជ័យ​។ និស្សិត​ស្រី​វ័យ ២២​ឆ្នាំ​រូបនេះ អាច​រកចំណូលបាន​ប្រមាណ ៥០០​ដុល្លារ​ក្នុង​មួយខែ​ពី​ការលក់​កូន​កង្កែប​។​



​ជា​កូន​ទី​៥ នៅក្នុង​គ្រួសារ​ដែលមាន​បងប្អូន ៦​នាក់ កញ្ញា កន សុខ​ណុ​ច បាន​យក​ពេលទំនេរ​ទៅ​អនុវត្ត​ការចិញ្ចឹម និង​បង្កាត់​ភ្ញាស់​កង្កែប នៅ​ស្រុកកំណើត​នា​ភូមិ​អូ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ យុវតី​វ័យក្មេង​រូបនេះ ប្រាប់​សារព័ត៌មាន​ ThmeyThmey25 រាជធានី​-​ខេត្ត តាម​ទូរ​សព្ទ​ថា​៖ «​ខ្ញុំ​បានចាប់ផ្ដើម បង្កាត់​និង​ភ្ញាស់​កង្កែប​ដំបូង​ដោយ​ចំណាយ​ប្រាក់​ចំនួន ៥០០​ដុល្លារ ជា​ថវិកា​ផ្ដល់​ដោយ​ឪពុកម្ដាយ​របស់ខ្ញុំ ហើយ​បច្ចុប្បន្ន​ខ្ញុំ​មាន​ដើមទុន​កើន​ដល់ ៨ លាន​រៀល​»​។​


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

​បើតាម​និស្សិត​ឆ្នាំ​ទី​៣ កន សុខ​ណុ​ច ការចាប់ផ្ដើម​លក់​កូន​កង្កែប​លើកដំបូង​នាង​អាច​លក់បាន ១​ម៉ឺន​ក្បាល​។ កញ្ញា កន សុខ​ណុ​ច បន្តថា​៖ «​បច្ចុប្បន្ន ខ្ញុំ​អាច​លក់​កង្កែប​រៀងរាល់ ៤-៥ ថ្ងៃ​ម្តង ហើយ​រាល់ពេល​លក់​ម្ដងៗ បាន​ប្រមាណ​ពី​១-២​ពាន់​ក្បាល ដោយ​កូន​កង្កែប​មួយ​ក្បាល​មានតម្លៃ ៣00​រៀល​»​។​

​កសិករ​វ័យក្មេង​រូបនេះ បានចាប់ផ្ដើម​ចិញ្ចឹម​នៅ​ខែឧសភា ប៉ុន្តែ​ក្នុង​រយៈពេល​២​ខែ​ប៉ុណ្ណោះ នាង​ទទួលបាន​ជោគជ័យ ដោយ​ទីផ្សារ​កង្កែប​របស់​នាង​អាច​ផ្គត់ផ្គង់​ទៅ​សៀមរាប និង​មណ្ឌលគិរី​។ និស្សិត​ឆ្នាំ​ទី​៣ កន សុខ​ណុ​ច រៀបរាប់ថា​៖ «​នៅ​ថ្ងៃ​អនាគត ខ្ញុំ​មានបំណង​ចង់​ពង្រីក​វិស័យ​កសិកម្ម [​កសិដ្ឋាន​ចិ​ញ្ចិ​ម​កង្កែប​] ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួយ​គាំទ្រ​កសិផល​ខ្មែរ និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅ​ប្រ​ទស ហើយ​ខ្ញុំ​មានបំណង​ចង់​ចែករំលែក​ចំណេះដឹង​ដល់​កសិករ​ផ្សេងទៀត​ដែលមាន​ជីវភាព​ខ្វះខាត​»​។​


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

​ទោះបី​មាន​វ័យក្មេង និង​កំពុង​សិក្សា​ឆ្នាំ​ទី​៣​ក៏ដោយ កញ្ញា កន សុខ​ណុ​ច បញ្ជាក់ថា ការចិញ្ចឹម​កង្កែប មិនមាន​ជា​បញ្ហា​ប្រឈម​ឡើយ​។  សម្រាប់​កញ្ញា សុខ​ណុ​ច អ្វី​ជា​ផល​លំបាក គឺ​ពេល​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​កូន​កង្កែប​មាន​ជំងឺ​ហើមពោះ និង​ងាប់​ច្រើន​។ 

​តាមរយៈ​សកម្មភាព​ជោគជ័យ​របស់​យុវតី កន សុខ​ណុ​ច បានធ្វើ​ឲ្យ​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន កោត​សរ​សេរី​។ លោក វេ​ង សាខុន លើក​ឡើងលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​៖ «​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ខ្ញុំ​មាន​ក្តី​សង្ឃឹមថា ការចិញ្ចឹម​របស់​ក្មួយ​នឹង​ក្លាយទៅជា​កសិដ្ឋាន​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប អាច​ចែកចាយ​កូន​កង្កែប និង​ចំណេះដឹង​ជូន​ដល់​កសិករ​យកទៅ​ចិញ្ចឹម ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​»៕ 

រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

ដោយ៖ ហ៊ីម អ៊ឹម​រ៉​ន​

ព័ត៌មានទាក់ទង