ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រៀមខ្លួន​ជាស្រេច​រង់ចាំ​ភ្ញៀវទេសចរ​ក្នុងពេល​ឈប់សម្រាក​ខាងមុខ​...

27/07/2020 10:00 am ឧត្តរមានជ័យ

​ភ្នំពេញ​៖ ឧ​ត្ត​រ​មានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក ដែលមាន​សក្តានុពល​ទេសចរណ៍​ទៅលើ តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ ខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​នៅ​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​ខាងមុខ​គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​តទៅ​។​



«​សម្រាប់​គោលដៅ​ដែល​ខាង​មន្ទីរ​ទេសចរណ៍​បាន​ត្រៀម​ទទួល​ទេសចរ​នៅ​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​ខាងមុខ គឺ​យើង​បាន​ត្រៀម​ចំនួន​៣​តំបន់ គឺ​ទីតាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅផ្ទះ​តា​ម៉ុក តំបន់​ទេសចរណ៍ធម្មជាតិ​យើង​មាន​ទីតាំង​៣​កន្លែង​គឺ​ទឹកធ្លាក់​ដា​ចំប៉ី សហគមន៍​ព្រៃឈើ​រលួស​ធំ និង​មួយទៀត​គឺ​អា​តោ​រូង​ដែក សង្ឃ​រុក្ខ​វ័ន បន្ទាប់មក​ប្រាសាទបុរាណ គឺ​តំបន់​ប្រាសាទ​តា​មាន់​»​។ នេះ​បើតាម​លើកឡើង​របស់លោក​ស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រាប់​សារព័ត៌មាន Thmey Thmey25 តាម​ទូរ​សព្ទ​។​

​លោកស្រី ធិ​ន​នី មុន្នី​រស្មី បន្ថែមថា មន្ទីរ​ទេសចរណ៍ នឹង​ចុះ​ណែនាំ​ដល់​អាជីវករ​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​មិន​ឲ្យ​មាន​ការតំឡើង​ថ្លៃទំនិញ​។ ជាមួយគ្នានេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រៀបចំ​ប្រជា​ការពារ​មួយចំនួន ក្នុងការ​ឈរជើង​នៅ​តំបន់​គោលដៅ​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ ករណី​មាន​បញ្ហា​ណាមួយ​កើតឡើង​។​

​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ មន្ទីរ​ទេសចរណ៍​ខេត្ត ក៏បាន​អនុវត្តវិធានការ​សុវត្ថិភាព​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ លោកស្រី ធិ​ន​នី មុន្នី​រស្មី លើកឡើង​យ៉ាង​ដូច្នេះ​៖ «​កន្លងមក​យើង​បាន​ចុះ​ផ្សព្វផ្សាយ​នូវ​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ដល់​គោលដៅ​ទេសចរណ៍​២​កន្លែង​រួចមកហើយ យើង​ក៏បាន​បិទ​ផ្ទាំង​ណែនាំ​ពី​វិធានការ​សុវត្ថិភាព ដូចជា​មានការ​អនុវត្ត​ន៍​វិធាន​សុ​វត្តិភាព គឺ​ការរក្សារ​គម្លាត​ពីគ្នា​ចម្ងាយ​១.៥​ម៉ែត្រ មានទឹក​អាកុល​និង​ជែ​ល​សម្រាប់​លាងដៃ និង​មានការ​វាស់​កម្ដៅ​នៅតាម​តាម​តំបន់​រមណីយដ្ឋាន​»​។

​សូម​ជម្រាប​ផងដែរ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទីតាំង​ទេសចរណ៍​រហូតដល់​៣១​កន្លែង និង​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១៨​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៩៕

ព័ត៌មានទាក់ទង