សហគមន៍​ព្រៃឈើ​រលួស​ធំ សក្តានុពល​ទេសចរណ៍​ផ្សងព្រេង​ថ្មី​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​

17/08/2020 3:00 pm ឧត្តរមានជ័យ

​ភ្នំពេញ​៖ ទេសចរណ៍​បែប​ផ្សងព្រេង​ជា​ប្រភេទ​ទេសចរណ៍​មួយ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ក្នុងពេល​ថ្មីៗ​នេះ​។ សហគមន៍​ព្រៃឈើ​រលួស​ធំ ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​ថ្មី​មួយ ដែល​ភ្ញៀវទេសចរ​ភាគតិច​ណាស់​បាន​ទៅដល់​។ តំបន់​ទេសចរណ៍​ផ្សងព្រេង​មួយ​នេះ មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន ដូចជា ដី​រលុះ ព្រៃ​ឫស្សី​ជ្រុម ទឹកធ្លាក់ និង​វាលស្មៅ​ខៀវស្រងាត់​ជាដើម​។​


​​​​​​
​សហគមន៍​ព្រៃឈើ​រលួស​ធំ ដែលមាន​ទំហំ​រហូតដល់​ជាង​២​ពាន់​ហិកតា ស្ថិតនៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​ថ្មី​មួយ មាន​ទេសភាព​ទាក់ទាញ​ពី​ធម្មជាតិ មាន​វាល​ច្រមុះ​ភ្នំ និង​វាលស្មៅ​ខៀវស្រងាត់​ធំ​ល្វឹងល្វើយ នៅ​តំបន់​ជួ​ភ្នំ​ដងរែក​។ លោកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាមរយៈ​ទូរ​សព្ទ​ថា​៖ «​តំបន់​ផ្សងព្រេង​ថ្មី​មួយ​នេះ មិន​ត្រឹម​តែមាន​វាលស្មៅ​ដ៏​ទាក់ទាញ​មួយ​នេះ ថែមទាំង​មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន​ទៀត​ដូចជា ដី​រលុះ​ជា​ប្រភេទ​ដីដុះ​កម្រ ទីតាំង​ថ្ម​បេះដូង​ស​ក្កិ​សិទ្ធ ព្រៃ​ឫស្សី​ជ្រុម ទឹកធ្លាក់ ល្អាង​ពស់ តំបន់​ទឹក​ជប់ ពយ​ថ្ម​ដែល​អាច​មើលឃើញ​ទេសភាព​ខាងក្រោម​ភ្នំ​»​។ 


រូបភាព​ពី​មន្ទីរទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ 

លោកស្រី ធិ​ន​នី មុន្នី​រស្មី បន្តថា មន្ទីរ​ទេសចរ​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ស្ថិតក្នុង​សហគមន៍​ព្រៃឈើរ​រលួស​ធំ​កំពុង​ត្រៀមខ្លួន​ក្នុងការ​ទទួល​ទេសចរ​មកកាន់​តំបន់​ទេសចរ​បែប​ផ្សងព្រេង​ថ្មី​មួយ​នេះ​។ «​បច្ចុប្បន្ននេះ​យើង​បាន​ត្រៀម​កំណត់​គោលដៅ​ឲ្យ​ជាក់លាក់ ហើយ​យើង​កំពុង​សម្រួល​ផ្លូវ​ធ្វើដំណើរ​ដល់​ទេសចរ​សម្រាប់​ចំណុច​ដែល​លំបាក​ខ្លះ យើង​មាន​ក្រុម​ប្រជា​ការពារ​សម្រាប់​ការពារ​ដើម្បី​ឲ្យ​ទេសចរ​ជឿជាក់ថា​មាន​សុវត្ថិភាព សម្រាប់​ម្ហូបអាហារ​វិញ គឺ​យើង​មាន​អារ​ហារ​ក្នុង​សហគមន៍​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 


រូបភាព​ពី​មន្ទីរទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ 

​សម្រាប់​ភ្ញៀវទេសចរ​ចូលចិត្ត​ដំណើរ​ផ្សងព្រេង មិនគួរ​រំលង​តំបន់​ទេសចរណ៍​ថ្មី​មួយ​នេះ​ទេ គួរតែ​ទៅ​កម្សាន្ត​ផ្តិត​យក​រូបភាព​ធម្មជាតិ​ស្រស់ត្រកាល​នៃ​តំបន់ភ្នំ​ដងរែក​ដោយ​ចំណាយ​ត្រឹម​រយៈពេល​មួយថ្ងៃ​ក៏​គ្រប់គ្រាន់ ។ សហគមន៍​ព្រៃឈើរ​រលួស​ធំ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ត្រពាំង​ទូង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខាងជើង​ឈៀង​ខាងលិច នៃ​ភូមិ​ក្បាល​ចាស់​ចម្ងាយ​ប្រហែល ៦​គីឡូម៉ែត្រ​៕

រូបភាព​ពី​មន្ទីរទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ 

ព័ត៌មានទាក់ទង