ខេត្ត​ត្បូងឃ្មុំ សម្ពោធ​ «​ផ្សារ​ចុង​សប្តាហ៍​» ដែលលក់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​គ្មាន​ជាតិគីមី ជា​ផ្លូវការ​

25/07/2020 12:00 pm ត្បូងឃ្មុំ

​ភ្នំពេញ​៖ «​ផ្សារ​ចុង​សប្ដាហ៍​» នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ដែល​ដាក់លក់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​គ្មាន​ជាតិគីមី ដាំ​ដុះ​ដោយ​ក្រុម​កសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​បុក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​។



​ការដាក់​សម្ពោធ​ផ្សារ​ចុង​សប្តាហ៍​ត្បូងឃ្មុំ រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​។ បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ផ្សារ​ចុង​សប្ដាហ៍​ត្បូងឃ្មុំ​នេះ បើក​ដំណើរការឡើង ក្នុង​គោលបំណង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) របស់​កសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ «​ផ្សារ​ចុង​សប្តាហ៍​» មាន​ទីតាំង​នៅមុខ​សាលាបឋមសិក្សា​រស្មី​កុមារ និង​មុខ​សាលាក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដោយ​ចាប់ដំណើរការ​លក់ដូរ​រៀងរាល់​ចុង​សប្តាហ៍​ចាប់ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ទី​២៤-២៥ ខែកក្កដា ឆ្នាំ​២០២០ ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​។​



«​ផ្សារ​ចុង​សប្ដាហ៍​» ខេត្ត​ត្បូងឃ្មុំ មាន​លក់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​គ្មាន​ជាតិគីមី ដែល​ដាំ​ដុះ​ដោយ​ក្រុម​កសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ រួមមាន មាន់​ស្រែ អង្ករ ម្សៅដំឡូង​មី និង​ផលិតផល​កសិកម្ម​កែច្នៃ​ដោយ​សិប្បករ​នៅក្នុង​ខេត្ត​ជាច្រើន​មុខ​ទៀត​៕ 






​រូបភាព​៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​

ដោយ៖ ហៀត វណ្ណា

ព័ត៌មានទាក់ទង