Thmey Thmey 25
យុវតី​៣​រូប រៀបរាប់​បទពិសោធ និង​មូលហេតុ​នៃ​ការដើរ​ព្រៃ និង​ឡើង​ភ្នំ​
15/08/2020 4:00 pm ភ្នំពេញ ​ភ្នំពេញ​៖ ដំណើរ​កម្សាន្ត​ផ្សងព្រេង ដើរ​ព្រៃ ឡើង​ភ្នំ មាន​ប្រជាប្រិយភាព នៅក្នុង​ចំណោម​យុវជន​កម្ពុជា នាពេល​បច្ចុប្បន្ន​។ ទោះបីជា​ដំណើរ​កម្សាន្ត​បែប​នោះ​ឆ្លងកាត់​ឧបសគ្គ​ច្រើន ប៉ុន្តែ​យុវតី​៣​រូប ដែល​បានផ្តល់​បទ​សម្ភាស​ឲ្យ​សា​ព័ត៌មាន​ThmmeyThmey25 បាន​អះអាងថា ជា​ដំណើរ​កម្សាន្ត​ដែលមាន​តម្លៃ និង​ផ្តល់​គុណប្រយោជន៍​ច្រើន​។ ក្រៅពី​បាន​គយគន់​ទេសភាព​ធម្មជាតិ​ប្លែកៗ​ហើយ ដំណើរ​កម្សាន្ត ក៏បាន​ជួយ​ពង្រឹង​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​។

​កញ្ញា ទីវ ចាន់​រ៉ា​ដែ​ត បានចាប់ផ្តើម​ការធ្វើដំណើ​រ​កម្សាន្ត​បែប​ផ្សងព្រេង បោះតង់​គេង​ក្នុងព្រៃ ប្រមាណ​១​ឆ្នាំ​មកហើយ ដោយបាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលជា​ភ្នំ​មាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ឡើង​ភ្នំ​ត្បែង សហគមន៍​ការពារ​ធម្មជាតិ Betreed ក្នុង​ខេត្តព្រះវិហារ ភ្នំ​ខ្នង​ផ្សា និងវាលធំនាខេត្តកំពង់ស្ពឺ​។ 


​កញ្ញា ចាន់​រ៉ា​ដែ​ត ប្រាប់ ThmeyThmey25 ថា នាង​ងាក​មក​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ព្រោះតែ​ចង់​បន្ថយ​បញ្ហា​តានតឹង និង​សម្រាក​បញ្ជា​ផ្លូវចិត្ត​របស់ខ្លួន​។ ឆ្លងកាត់​ដំណើរ​ផ្សងព្រេង​លើក​ទី​១​រួច រ៉ា​ដែ​ត កត់សម្គាល់ថា សុខភាព​ផ្លូវចិត្ត​របស់ខ្លួន​បាន​ប្រសើរ ហើយក៏​សម្រេច​បន្ត​បេសកកម្ម​ផ្សងព្រេង​នេះ​ជា​បន្តបន្ទាប់​មកដល់​ប​ច្ចុ​ប្បន្ន​។ 

​យុវតី​វ័យ​២៨​ឆ្នាំ​រូបនេះ បន្ថែមថា​៖«​បរិយាកាស​ធម្មជាតិ បាន​កាត់បន្ថយ​បញ្ហា​កើតមាន​ក្នុង​ជីវិត​បាន​ច្រើន ស្គា​ល់ពី​ខ្លួនឯងបាន​កាន់តែច្បាស់ ហើយក៏​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ដែរ​។ បាន​ផ្លាស់ប្តូរ​ខ្ញុំ​បាន​ច្រើន បាន​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​របស់ខ្លួន និង​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ​ជាង​មុន​»​។​

​ដំណើរ​កម្សាន្ត​ផ្សងព្រេង​កាត់​ព្រៃភ្នំ ត្រូវ​ស្ពាន​អីវ៉ាន់​ច្រើន​គីឡូក្រាម​ឡើង​ភ្នំ មិន​ស្រណុក ដូច​ការដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​កន្លែង​គេង និង​ញាំ​ស្រាប់ ដូចដែល​រ៉ា​ដែ​ត​ធ្លាប់​ទៅ​កន្លងមក​នោះទេ​។ តែ​ទោះជា​ដូច្នោះ រ៉ា​ដែ​ត ថា​ខ្លួន​ពេញ​ចិត្តនឹង​ឆ្លងកាត់​ដំណើរ​លំបាកៗ​នោះ​ទាំង ដើម្បី​ទស្សនា​ទស្សនីយភាព​ធម្ម​ជាតិ​ដ៏​ស្រស់ស្អាត និង​ប្លែកៗ​នៅ​តំបន់​នីមួយៗ​។ មិនតែប៉ុណ្ណោះ ការ​បាន​ស្រូបខ្យល់​បរិសុទ្ធ និង​ការរំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ជាមួយ​មិត្តភក្តិ​ដែល​ធ្វើដំណើរ​កម្សាន្ត​ជាមួយគ្នានេះ​។​

​មិន​ខុសពី កញ្ញា រ៉ា​ដែ​ត ប៉ុន្មាន​ទេ សម្រាប់ កញ្ញា វិបុល សីមា ឯណេះ​វិញ  ក៏​ធ្លាប់បាន​ទៅ​ដើរ​កម្សាន្ត​បោះតង់​ក្នុងព្រៃ​ដែរ​។ កញ្ញា សីមា ចំណាយ​ពេលវេលា​ទំនេរ ពី​ការសិក្សា​របស់ខ្លួន ដើម្បី​ទៅ​លំហែកាយ និង​កាត់បន្ថយ​ភាព​តានតឹង ជាមួយនឹង​ធម្មជាតិ​ក្នុងស្រុក ដោយ​ទៅ​គេង​១​យប់​២​ថ្ងៃ នៅ​ទីនោះ​។ យុវតី​វ័យ​១៩​ឆ្នាំ​រូបនេះ ធ្លាប់បាន​ទៅ​បោះតង់​ក្នុង​តំបន់​ព្រៃភ្នំ​ចំនួន​៣​លើក​មកហើយ​ដូចជា ថ្ម​លយ  ជ្រោះ​មរណៈ និង​ចម្ការ​តែ តំបន់​ទេសចរណ៍ នៃ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុសុមៈ គិរី​រម្យ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​


«​ផលវិបាក​សម្រាប់​ខ្ញុំ នៅពេល​នៅ​បោះតង់​គឺ​បន្ទប់ទឹក ព្រោះថា​យើង​មិនមែន​ស្រួល​ដូច​មនុស្ស​ប្រុស​ទេ តាំងពី​ការ​ស្លៀកពាក់ ហើយ​ងូតទឹក​អីហ្នឹង​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា វិបុល សីមា ប្រាប់ ThmeyThmey25 ដោយ​បន្ថែមថា ដំណើរ​កម្សាន្ត​បែបនេះ បានធ្វើ​ឲ្យ​កញ្ញា សីមា កាត់បន្ថយ​អារម្មណ៍​ធុញថប់​ដោយសារ​ការសិក្សា និង​ការងារ​ផ្សេងៗ​បាន​ច្រើន​។ កញ្ញា ក៏មាន​ពេលវេលា​កម្សាន្ត​ជាមួយ​មិត្តភក្ដិ និង​ធម្មជាតិ​យ៉ាង​ស្រស់បំព្រង រួមទាំង​បានទទួល​បទពិសោធ​ថ្មីៗ​ថែម​ទៀតផង​។ 

​បទពិសោធ ដែល​ទទួលបាន​ពី​ការបោះ​តង់​គេង​ព្រៃ​នេះ​គឺ កញ្ញា សីមា ដឹង​ពីអ្វី​ដែល​ចាំបាច់​ត្រូវដាក់​តាម​ខ្លួន​នៅពេល​ចេញមក​ឆ្ងាយ​បែបនេះ និង​ដឹង​ពី​ទុក​ធុរៈ​គ្នា​ទៅវិញទៅមក ដោយ​ត្រូវ​រៀបចំ​កន្លែង​គេង និង​ម្ហូបអាហារ​ដោយ​ខ្លួនឯង​ដែរ​។   

​ផ្ទុយ​ពី​កញ្ញា វិបុល សីមា ចំណែកឯ កញ្ញា ចាន់ ស្រី​ហ៊ុ​ច វិញ​ធ្លាប់បាន​ទៅ​ដើរលេង​បែប​ផ្សងព្រេង​មួយ​លើក​ប៉ុណ្ណោះ ដោយ​ចំណាយពេល​១​យប់​២​ថ្ងៃ ធ្វើដំណើរ​ឡើង​ភ្នំ​ខ្នង​ផ្សា​។ យុវតី​វ័យ​២៥ ឆ្នាំ​រូបនេះ បាន​ប្រាប់ ThmeyThmey25 ថា​នាង​ចូលចិត្ត​ធម្មជាតិ ប៉ុន្តែ​ឱកាស​ក្នុងការ​ដើរលេង​ព្រៃ ឡើង​ភ្នំ ប៉ុន្តែ​មិនសូវ​មានឱកាស​។​

​ក្នុង​ដំណើរ​ផ្សងព្រេង​លើកទីមួយ​នេះ កញ្ញា ទទួលបាន​បទពិសោធ​ជាច្រើន ដូចជា ចម្អិនម្ហូប​ដោយ​ខ្លួនឯង ស្លៀកពាក់​យ៉ាងម៉េច​ដែល​ងាយស្រួល​សម្រាប់​ការឡើង​ភ្នំ ការរក្សា​សុខភាព ត្រៀមខ្លួន និង​សម្ភារ​ចាំបាច់​សម្រាប់​ដាក់​យកតាម​ខ្លួន​។ បន្ទាប់ពី​បាន​ទៅ​ដើរលេង​តំបន់​ធម្មជាតិ កញ្ញា ស្រី​ហ៊ុ​ច ថា ខ្លួន​រឹតតែ​ស្រឡាញ់​ធម្មជាតិ និង​ប្តេជ្ញា​ចំណាយពេល​ឲ្យ​ច្រើន ក្នុងការ​ដើរលេង​បែប​ផ្សងព្រេង​។ ប្រសិនបើ​ខ្ញុំ​មានឱកាស ដើរ​ផ្សងព្រេង ជាង​ទៅ​កន្លែង​ដែលមាន​កន្លែង​គេង​ស្រួល ញាំ​ស្រួល ព្រោះ​ការ​ចំណាយពេល​ដើរ​កម្សាន្ត​ផ្សងព្រេង ប្រៀបដូចជា​ការ​ដកប​ទ​ពិសោធ​ខ្លួនឯង ហើយក៏​ជាការ​ចំណាយពេល​ដ៏​ស័​ក្ត​សម​បំផុត​៕

ដោយ៖ ផាត ដាណេ
ដោយ៖ ផាត ដា​ណេ​ © រក្សាសិទ្ធិដោយ thmeythmey25.com