ទំនេរ​ពី​ការងារ​សន្តិសុខ លោក សាក់ ឆ្លៀត​ដាំ​បន្លែ​ក្នុង​ដី​បុរី​គេ ដើម្បី​បង្កើន​ចំណូល និង​សុខភាព​

17/09/2020 5:00 pm ភ្នំពេញ

ភ្នំពេញ​៖ រយៈពេល​ជាង​៣​ខែ​ហើយ លោក វ៉ែន សាក់ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​សន្តិសុខ​យាម​បុរី មក​ដាំ​បន្លែ ក្នុង​បុរី​មួយកន្លែង​ដែល​លោក​កំពុង​បម្រើ​ការងារ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក ដាំ​ដុះ​លើ​ផ្ទៃដី ១២​ម៉ែត្រ ៤​ជ្រុង ដែលមាន​ដូចជា តាសក់​,​ត្រឡាច​,​ននោង​,​ល្ពៅ​,​ឃ្លោក​,​ក្រូចឆ្មារ​,​ពោត​បារាំង​,​ស្ពៃ​,​ត្រកួន​,​ជី និង​ស្លឹកគ្រៃ​ជាដើម​។



«​ពេល​អ៊ីចឹង​សប្បាយចិត្ត​ដែរ ព្រោះថា​យើង​បានចេញ​ពលកម្ម ចេញ​ញើស​ទៅ​វា​ស្រួលខ្លួន​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ែន សាក់ ដោយ​បន្ថែមថា ការងារ​នេះ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ការចំណាយ និង​ចូលរួម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​ជំនួយ​ដល់​ផ្នែក​សុខភាព​លោក​ផងដែរ​។​

​អតីត​កសិករ​នៅ​ស្រុក​កៀនស្វាយ លោក វ៉ែន សាក់ ចំណាយពេល​តែ ១​ម៉ោង ឬ​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ដាំ និង​ថែទាំ​បន្លែ​នៅក្នុង​ដី​ទំនេរ​ស្ថិតក្នុង​បុរី ដែល​លោក​កំពុង​បម្រើ​ការងារ​។ ដោយសារ ដី​បុរី​ទំនេរ ទុកចោល​មិនត្រូវ​ការធ្វើ​អ្វី​នោះ លោក​ក៏​សម្រេចចិត្ត​សុំ​កន្លែង​នេះ​ពី​ម្ចាស់​គេ ដើម្បី​ដាំ​បន្លែ​បន្តិចបន្តួច​សម្រាប់​បរិ​ភោគ​។ ក្រៅពី​បរិភោគ បន្លែ​ទាំងអស់នេះ​ក៏បាន​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​របស់លោក​ផងដែរ​។ 


​បុរស​វ័យ​៥៩​ឆ្នាំ​រូបនេះ បាន​លើកឡើងថា អ្នកធ្វើដំណើរ​ឆ្លងកាត់​ទីនោះ និង​អ្នករស់នៅ​ទីនោះ តែងតែ​មក​ទិញ​បន្លែ​របស់លោក និង​ផ្ដល់​តម្លៃ​ឲ្យ​លើស​ទីផ្សារ​ថែមទៀត​ផង​។ លោក​ដាំ​បន្លែ​ទាំងអស់នេះ​តាមបែប​ធម្មជាតិ ដោយ​លោក​ប្រើប្រាស់​តែ​ជីកំប៉ុស​ទិញ​មកពីផ្សារ និង​ស្រោច​ទឹក​ពេលព្រឹក​ម្ដង និង​ពេល​ល្ងាច​ម្ដង​។​

​ទោះបី លោក វ៉ែន សាក់ មាន​វ័យ​ចំណាស់​បន្តិច​មែន តែ​លោក​មិន​ចង់​ឈប់​ធ្វើការ​ឡើយ​។ លោក វ៉ែន សាក់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អត់​ទេ​! មិនអាច​ឈប់​ធ្វើការ​ទេ​! លុះត្រាតែ​កម្លាំង​ខ្ញុំ​អស់ ដូច​ថា​អស់​ពលកម្ម ធ្វើ​អត់​កើត​អី​អត់​កើត​ចាំ​គិត​តាម​ហ្នឹង​ទៀត​ទៅ​។ សព្វថ្ងៃ​ខ្ញុំ​នៅតែ​អាច​បម្រើ​ការងារ​សន្តិសុខ​ហ្នឹង ខ្ញុំ​នៅតែ​ដាំ​បន្តទៀត លុះត្រាតែ​ដី​នេះ​គេ​អភិវឌ្ឍ ហើយ​គ្មាន​ដី​ដាំ​ចឹ​ង​តាម​ដំណើរ​ទៅ​។ ប៉ុន្តែ​បើ​ដី​នេះ​គេ​មិនត្រូវ​ការធ្វើ​អី ខ្ញុំ​នៅតែ​ដាំ​រហូត​»៕


ព័ត៌មានទាក់ទង