យុវតី ចាន់សេរីរ័ត្ន ផលិត​ជី​​ពី​កាក​សំណល់​ផ្លែ​ឈើ​ ដើម្បីរួមចំណែកឱ្យកសិករដាំដំណាំ​មាន​គុណ​ភាព​ប្រកួត​ប្រជែងលើទីផ្សារ

12/08/2020 1:30 pm ភ្នំពេញ

ភ្នំពេញ៖ ជាង១០មកហើយដែលកញ្ញា ប៊ុត ចាន់សេរីរ័ត្ន ផលិតជីកសិកម្មប្រភេទទឹក ពីកាកសំណល់ផ្លែឈើគ្រប់ប្រភេទ សម្រាប់ប្រើប្រាស់លើការចិញ្ចឹមសត្វ ​និងការដំាដំណាំចម្រុះ។ បើតាម កញ្ញា ចាន់សេរីរ័ត្ន ការប្រើប្រាស់ជីកសិកម្មនេះ ក្រៅពីធ្វើឱ្យដំណាំរបស់ប្រជាកសិករមានគុណភាព​និងសុវត្ថិភាពនោះហើយ ក៏ផ្តល់នូវទិន្នផលបានល្អ និងច្រើន មិនចាញ់នឹងការប្រើជីក៏ដូចថ្នាំពុលគីមីកសិកម្ម ឡើយ។ កញ្ញាវ័យ២៥ឆ្នាំរូបនេះ បានអះអាងថា បច្ចុប្បន្នជីកសិកម្មនេះកំពុងមានគាំទ្រនិងតម្រូវការច្រើនពីប្រជាកសិករ។

កាកសំណល់ផ្លែឈើនានា ដូចជាល្ហុង ស្វាយទុំ ចេក  ឪឡឹក ម្នាស់ និងផ្លែឈើផ្សេងៗនោះ កញ្ញា ចាន់សេរីរ័ត្ន អាចយកមកផលិតទៅជាជីកសិកម្មបាន៤ប្រភេទ។ ក្នុងនោះមាន ប្រភេទជីសម្រាប់ការពាររបស់ដំណាំ ដែលផ្តល់ភាវរស់ក្នុងដី ជួយឱ្យដីធូរ មានជីវជាតិ និងកំចាត់បាក់តេរី។ ប្រភេទជីបណ្តេញសត្វល្អិត (​ពពួកសត្វចង្រៃ ដូចជា ក្រា​ បាក់តេរីផ្សេងៗ)​។ ប្រភេទបំប៉នពិសេស  គឺប្រើសម្រាប់បំប៉នឬសដំណាំ ដើម ស្លឹកឱ្យឆាប់លូសលាស់ និងធំធាត់ល្អ។ រីឯជីទឹកមួយប្រភេទ គឺប្រើប្រាស់ទៅការចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីផ្តល់សារធាតុចិញ្ចឹមការខ្ពស់ ជួយការពារជំងឺសត្វឬបាត់តេរីដែលមាននៅក្នុងទ្រង់ និងលាមកសត្វ។ 

ជារៀងរាល់សប្តាហ៍ កញ្ញា ចាន់សេរីរ័ត្ន អាចលក់ជីកសិកម្មនេះ បានយ៉ាងណាស់១ពាន់លីត្រ ទៅឱ្យម្ចាស់កសិដ្ឋានដំណាំធំៗនៅបណ្តាខេត្តនានា។ បើតាមយុវតីដែលចេះជំនាញផលិតជីកសិកម្មពីឪពុកតាំងពីកុមារភាពរូបនេះ  ក្រៅពី​មានម្ចាស់កសិដ្ឋានដំណាំធំៗទទួលទិញជាប្រចាំហើយនោះ ក៏មានដេប៉ូផ្គត់ផ្គង់ផលិតផលកសិកម្មបម្រើដល់ការដាំដុះទទួលទិញដើម្បីលក់បន្ត និងមានប្រជាកសិករដាំដំណាំលក្ខណៈគ្រួសារទិញច្រើនផងដែរ។ ពិសេសប្រជាកសិករ ដែលប្រែក្លាយពីការដាំបន្លែដោយប្រើប្រាស់ជីនិងថ្នាំពុលគីមី មកដាំបន្លែសុវត្ថិភាពវិញ។

កញ្ញា ប៊ុត ចាន់សេរីរ័ត្ន បាននិយាយប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត​ដូច្នេះ៖«ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជីទឹកកសិកម្មរបស់ខ្ញុំមានការទទួលស្គាល់និងគាំទ្រពីកសិកម្មគ្រប់មជ្ឈដ្ឋាន ដោយថ្ងៃខ្លះខ្ញុំផលិតមិននឹងទាន់តម្រូវការអ្នកបញ្ជីទិញក៏មានដែរ»។ ចាន់សេរីរ័ត្ន បន្តអះអាងទៀតថា៖«  ជីកសិកម្មដែលខ្ញុំផលិតពីផ្លែឈើនេះ គឺផលិតចេញរូបមន្តប្រចាំគ្រួសារ និងគ្មានការទិញសារធាតុមេផលិតពិខាងក្រៅប្រទេសឡើយ ហើយជីដែលខ្ញុំផលិតលក់នេះ គឺមានការទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។ ពិសេស គឺពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល»។

ជាមួយនឹងគ្នានេះ យុវតីដែលមានទីលំនៅក្នុងសង្កាត់ក្បាលកោះ​ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញរូបនេះ ​បានបញ្ជាក់ថា ការបង្កើតជីកសិកម្មនេះឡើង គឺដើម្បីចង់រួមចំណែកឱ្យប្រជាកសិករផលិត នូវផលិតផលកសិកម្មដែលមានសុវត្ថិភាពសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ដោយចំណាយថ្លៃដើមតិច បើប្រៀបធៀបនឹងការប្រើប្រាស់ជី-ថ្នាំពុលគីមីកសិកម្ម ដែលមានតម្លៃខ្ពស់ និងគ្រោះថ្នាក់ដល់សុខភាព។

ជីកសិកម្មរបស់កញ្ញា ចាន់សេរីរ័ត្ន មានតម្លៃពី៣០,០០០ទៅ៥០,០០០រៀល​ក្នុងមួយកាដុងដែលមានចំណុះ៥លីត្រ និងតម្លៃពី១៦០,០០០ទៅ២១០,០០០រៀល ក្នុងចំណុះ៣០លីត្រ។  កញ្ញាបានបញ្ជាក់ថា ទឹកជីនេះមួយលីត្រ  អាចជាមួយទឹកធម្មតាបានរហូតដល់១០០ទៅ២០០លីត្រ សម្រាប់ប្រើប្រាស់ទៅដំណាំនីមួយៗ៕

ព័ត៌មានទាក់ទង