តើ​ចាស់​ពី​ដើម​ដឹង​ម៉ោង​តាមរយៈ​អ្វីខ្លះ នៅពេល​គ្មាន​នាឡិកា​មើល​?

19/03/2023 4:00 pm ភ្នំពេញ

ក្មេង​ឥឡូវ​មិន​ពិបាក​ដឹង​ម៉ោង​ប៉ុន្មាន​នោះទេ ពីព្រោះ ពួកគេ​មាន​នាឡិកា​មើល មាន​ទូរ​សព្ទ​មើល​ម៉ោង មាន​ប៊ិច​មើល​ម៉ោង​។​ល​។ តែ​ចាស់​ពី​ដើម​វិញ​សម្គាល់ ឬ​ដឹង​ម៉ោង​តាម​អ្វីខ្លះ​?



​ចម្លើយ គឺថា ពួកគាត់​ដឹង​ម៉ោង​តាម​លក្ខណៈ​ធម្មជាតិ​។ ទី​១ គឺ​ផ្កា​ម៉ោង​១០ ។ ផ្កា​នេះ មិនមែន​ផ្តល់​តែ​សម្ផស្ស​សម្រាប់​លម្អ​គេហដ្ឋាន ឬ​ទីកន្លែង​ណាមួយ​ប៉ុណ្ណោះ​ទេ​។ តែ​ផ្កា​នេះ គឺជា​ឧបករណ៍​ប្រាប់​ម៉ោង និង​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​នាឡិកា​មើល​ម៉ោង​។ ផ្កា​ម៉ោង​១០ គឺ​មានន័យ​ច្បាស់​ហើយ​ថា វា​រីក​ក្រពុំ​ភាគច្រើន​នៅ​ម្តុំ​ម៉ោង​១០​ព្រឹក​។ ទី​២ ពលរដ្ឋ​ភាគច្រើន​កាលពី​ដើមឡើយ​អាច​សម្គាល់​ម៉ោង​ដោយ​មើល​ដំណើរ​ព្រះអាទិត្យ​។ ព្រះអាទិត្យ​រះ​ថ្ងៃត្រង់ ឬ​ជ្រេ​បន្តិច ធ្វើ​ឲ្យ​គេ​អាច​ប៉ាន់ស្មាន​ម៉ោង​បាន​។ ចាស់​ពី​ដើម​ចេះ​មើល​ថ្ងៃ​ដោយ​ប្រៀបធៀប​ជាមួយ​ដើមឈើ ឬ​ចំណាំ​កម្ពស់​ថ្ងៃ​តែម្តង​។ ទី​៣ ចាស់​ពី​ដើម​យក​ដំណើរ​ថ្ងៃ​វាស់​ជាមួយ​ស្រមោល​ខ្លួនឯង​។ ឧទាហរណ៍​ថា ឈរ​នៅ​ចំ​ម៉ោង​១២​ថ្ងៃត្រង់ ស្រមោល​ខ្លួនឯង គឺ​ពិតជា​ខ្លី​កន្តុញ​តែម្តង​។ ទី​៤ ចាស់​ពី​ដើម​ស្តាប់​មាន់រងាវ​។ តាម​ទម្លាប់ គឹ​ថា មាន់រងាវ​ពីរដង​ក្នុង​មួយ​យប់​។ នៅវេលា​ម៉ោង ១១ ឬ​១២ យប់ មាន់រងាវ​ម្តង​។ រងាវ​នៅពេលនេះ ចាស់ទុំ​ច្រើន​និយាយថា មាន់រងាវទឹកជោ រីឯ រងាវ​ម្តងទៀត នៅ​ម្តុំ​ម៉ោង​៤ ឬ​៥​ព្រឹក ចាស់ទុំ​ច្រើ​និយាយ មាន់រងាវ​ទាបភ្លឺ​។ ការ​សម្គាល់​ម៉ោង​មួយទៀត គឺ​សម្គាល់​លើ​សត្វ​មួយចំនួន​ដែល​យំ​នៅ​ម៉ោង​៥​ល្ងាច​។ កា​រយំ​របស់​សត្វ​មួយចំនួន​ធ្វើ​ឲ្យ​អ្នកដើរ​ព្រៃ​ដឹងថា ម៉ោង​សម្រាក​ពេល​ល្ងាច​បានមក​ដល់​ហើយ​៕

ព័ត៌មានទាក់ទង