ទន្លេសេសាន មានទឹក​ថ្លាឈ្វេង ដែល​ទេសចរ​មិនគួរ​រំលង​

30/10/2022 9:00 am រតនគីរី

រតនគិរី​៖ ទន្លេសេសាន ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​មួយ ដែល​ទេសចរ​អាច​ងូតទឹក​ទន្លេ​ត្រជាក់ ជិះទូក​កម្សាន្ត ស្ទូចត្រី​សម្រាប់​អាំង​បរិភោគ មាន​ឆ្នេរ​ខ្សាច់​សក្បុស​អាច​ឲ្យ​ទេសចរ​លេង​កីឡា និង​អង្គុយ​សម្រាកលំហែរ ស្ដាប់​សំឡេង​ខ្យល់ ដែល​បក់​ប៉ះ​ធម្មជាតិ​ដុះ​អម​នៅ​មាត់ទន្លេ​។



​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖ « ទេសចរ​ដែល​ទៅលេង​តាម​បណ្តោយ​ទន្លេ​សេសា​ន្ត ភាគច្រើន​គឺ​ពួកគាត់​ចូលចិត្ត​ជិះទូក​មើល​សត្វ​ស្លាប និង​មើល​ថ្ងៃ​លិច ព្រមទាំង​ទស្សនា​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ​»​។​

 
​លោក​បាន​បន្ថែមថា ទេសចរ​អាច​ស្នាក់នៅ​ជាមួយ​អ្នកភូមិ​ដើម្បី​យល់​ពី​វប្បធម៌​រស់នៅ និង​ដើរ​កម្សាន្ត​ក្នុងព្រៃ ដោយ​ចំណាយ​រយៈពេល​ត្រឹមតែ​២​យប់ ៣​ថ្ងៃ​ប៉ុណ្ណោះ​។ ទេសចរ ទៅ​កម្សាន្ត​នៅ​ទីនោះ​ភាគច្រើន​ជា​ទេសចរ​អន្តរជាតិ ព្រោះ​ពួកគេ​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ជាង​ភ្ញៀវទេសចរ​ជាតិ​។​

​នៅក្នុង​ឆ្នាំ​២០១៩ តំបន់​អេកូ​ទេសចរណ៍​ទន្លេ​សេ​សាន្ត​ទទួលបាន​ភ្ញៀវទេសចរ​បាន​ប្រហែល ៣​ពាន់​នាក់​ប៉ុណ្ណោះ ដែល​ភ្ញៀវទេសចរ​សរុប​ក្នុង​ខេត្តរតនគិរី​មាន​ចំនួន​ជាង ២៣​ម៉ឺន​នាក់​។ តំបន់​អេកូ​ទេសចរណ៍​ទន្លេសេសាន មាន​ទីតាំង​ស្ថិតក្នុង ស្រុក​អូរ​យ៉ា​ដាវ និង​មាន​ចម្ងាយ​ប្រហែល​៥០ គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្តរតនគិរី​៕





ព័ត៌មានទាក់ទង