មណ្ឌលគិរី​ជា​ខេត្ត​មាន​អំណោយផល​លើ​ដំណាំ​កសិឧស្សាហកម្ម ដូចជា ប័​រ កាហ្វេ កៅស៊ូ​

16/07/2020 4:00 pm មណ្ឌលគីរី

មណ្ឌលគិរី​មាន​លក្ខណៈពិសេស​មួយ​ប្លែក​ពី​ខេត្ត​ជាច្រើន​ដែល​ពឹង​ផ្អែកលើ​វិស័យ​កម្ម​ដែល​អាច​ដាំ​ដុះ​ដំណាំ កសិឧស្សាហកម្ម​ដូចជា ប័​រ កាហ្វេ កៅស៊ូ ក្រូច​វ​ល្លិ៍ ជាដើម​។ ក្រៅពីនោះ​ក៏មាន​ដំណាំ​ស្រូវ បន្លែ​រួមផ្សំ ដែលមាន​ពលរដ្ឋ​ចំនួន ៨២ ភាគរយ​នៃ​ប្រជាជន​សរុប​នៃ​ខេត្តមណ្ឌលគិរី ប្រកប​របរ​កសិកម្ម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី ១៦ កក្កដា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តមណ្ឌលគិរី​»​។



​យោងតាម​របាយការណ៍​របស់​ខេត្តមណ្ឌលគិរី ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​អនុវត្តបាន​សរុប ២២.៩៨៨​ហិកតា ទិន្នផល​ជា​មធ្យម ២,៩៨​តោន​/​ហិកតា បរិមាណ​ផល​សរុប ៦៨.៥៦៥​តោន ដែល​ក្នុង​មួយឆ្នាំ​សល់​ស្រូវ​ចំនួន ៤០.០០០​តោន​សម្រាប់​នាំចេញ​។ ដោយឡែក​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន​អនុវត្តបាន​ចំនួន ៣១.២៣១,៩៨​ហិកតា ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៥.២៨៦,៨២​ហិកតា បរិមាណ​ផល​សរុប ៤.៨៦២.២៨​តោន (​ជ័រ​ស្ងួត​) ។ 

​ដំណាំ​កៅស៊ូ​គ្រួសារ​អនុវត្តបាន​ចំនួន ១១.៣០៥,៤៣​ហិកតា ស្មើនឹង​១.៥៨៩​គ្រួសារ និង​ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៣.៣៩២,១៣​ហិកតា បរិមាណ​ផល​សរុប ៣.៧៦៤.៦​តោន​(​ជ័រ​ស្ងួត​) ស្មើនឹង ២០៧​គ្រួសារ​។​

​ក្រៅពីនោះ​មាន​ដំណាំ​រួមផ្សំ​ចំនួន ៥៦០​ហិកតា លើ​ដំណាំ ពោត និង​បន្លែ​គ្រប់មុខ​។ សម្រាប់​ដំណាំ​ឧស្សាហកម្ម​ដូចជា សណ្តែកបាយ សណ្តែកដី  សណ្តែកអង្គុយ ដំឡូង​មី អនុវត្តបាន​សរុប ២០.៤៦៥​ហិកតា​។ និង​ដំណាំ​អចិន្ត្រៃយ៍​អនុវត្តបាន​សរុប ៩.៦៤៦​ហិកតា មាន ស្វាយចន្ទី កាហ្វេ ដូង ចេក ស្វាយ ប័​រ ទុរេន សាវម៉ាវ ក្រូច ទៀប ជាដើម​។​


​ខេត្តមណ្ឌលគិរី​ស្ថិតនៅ​ភាគ​ឦសាន មាន​ចម្ងាយ​ប្រមាណ ៣៨៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ មាន​ផ្ទៃដី​សរុប ១៤.២៨៨​គីឡូម៉ែត្រ​ក្រឡា គ្របដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ និង​ខ្ពង់រាប សំបូរ​ដោយ​ជ្រលង​ដងអូរ​។ មាន​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ចំនួន ០៨ ជនជាតិ​ដូចជា ជនជាតិ ព្នង ក្រោល គ្រឹ​ង ស្ទៀង ថ្មូ​ន ទំពួន ចា​រាយ និង រដែរ ក្នុងនោះ​ក្រៅពី ៨២​ភាគរយ​ប្រកប​របរ​កសិកម្ម មាន ១៨​ភាគរយ​ប្រក​បរបរ​សេវាកម្ម និង​សិប្បកម្ម​៕



ព័ត៌មានទាក់ទង