«ទឹកជ្រោះអូរស៊ិនលែរ៍» លាក់សម្រស់ក្នុងព្រៃជ្រៅនៃខេត្តរតនគិរី
រតនគិរី៖ «ទឹកជ្រោះអូរស៊ិនលែរ៍» ជាទឹកធ្លាក់ដែលលាក់ខ្លួនកណ្តាលព្រៃស្រោងជ្រៅហ៊ុមព័ទ្ធដោយជួរភ្នំ អមដោយធម្មជាតិជាជម្រកសម្រាប់សត្វព្រៃ គ្រប់ប្រភេទ។ ទឹកជ្រោះអូរស៊ិនលែរ៍ ស្ថិតក្នុងភូមិសាស្ត្រទឹកដី ស្រុកលំផាត់ មានចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។
រកឃើញនៅឆ្នាំ១៩៩៦ បច្ចុប្បន្ន ទឹកជ្រោះអូរស៊ិនលែរ៍ មានផ្លូវគមនាគមន៍ទៅដល់យ៉ាងរលូន។ «ប្រសិនបើ ទេសចរទៅកម្សាន្តនៅចន្លោះពីខែមករា ដល់ខែឧសភា ផ្លូវមានលក្ខណៈស្រួលទេសចរអាចធ្វើដំណើរតាមប្រភេទរថយន្តអ្វីក៏អាចទៅដល់ដែរ តែបើសម្រាប់រដូវវស្សាផ្លូវមានលក្ខណៈរអិលអ៊ីចឹង។ ទេសចរត្រូវធ្វើដំណើរដោយប្រភេទរថយន្តធន់ខ្ពស់ៗ»។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ ThmeyThmey25 តាមទូរសព្ទ។
ទឹកជ្រោះអូរស៊ិនលែរ៍ មានកម្ពស់ ៧ជាន់អមដោយទេសភាពព្រៃក្រាស់ ជាជម្រកសត្វព្រៃច្រើនប្រភេទ និងសម្បូរដោយជីវៈចម្រុះ។ ភ្ញៀវទេសចរ អាចងូចទឹកលេងកម្សាន្តបាននៅរដូវប្រាំ ព្រោះចរន្តទឹកហូរមានសភាពយឺតល្មម រីឯនៅរដូវវស្សាមាន ចរន្តទឹកហូរខ្លាំង ពិបាកក្នុងការមុជកម្សាន្ត ប៉ុន្តែ ទេសចរអាចបោះតង់សម្រាកនៅទីនោះបាន។
លោកបានបន្តទៀតថា ទឹកជ្រោះអូរស៊ិនលែរ៍ ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅលេងច្រើនបន្ទាប់ពីបឹងយក្ខឡោម។ ក្នុងឆ្នាំ២០១៩ ទឹកជ្រោះមួយនេះ ទទួលបានភ្ញៀវទេសចរប្រមាណ៥០០០០នាក់ និងបឹងយក្ខឡោមទទួលបានភ្ញៀវទេសចរជាង១០០ ០០០នាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com