លោក ថង សាវុន​៖ រតនគិរី ប្ដូរ​ពី​ខេត្ត​ដាច់ស្រយាល ទៅជា​ខេត្ត​សក្ដានុពល​ទេសចរណ៍​នៃ​ភាគ​ឦសាន

14/07/2020 9:00 am រតនគីរី

ភ្នំពេញ​៖ ខេត្តរតនគិរី​បានប្រែក្លាយ​ពី​ខេត្ត​ដាច់ស្រយាល ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយកន្លែង​នៃ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយសារ​មាន​ផ្លូវ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត ជួយ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ នេះ​បើតាម​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។​



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វ​ឌ្ឃ​នភា​ពរ​បស់​ខេត្តរតនគិរី នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ថង សាវុន បាន​បញ្ជាក់ថា ខេត្តរតនគិរី​មាន​តំបន់​ទេសចរណ៍​សរុប​ចំនួន​១៤​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ធម្មជាតិ​មាន​១២​កន្លែង និង​រមណីយដ្ឋាន​វប្ប​ធម៌​ជាតិ​ចំនួន​២​កន្លែង ហើយ​រមណីយដ្ឋាន​ធម្មជាតិ​៨​កន្លែង ត្រូវបាន​គ្រប់គ្រង​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិច​។

​អភិបាលខេត្ត​រូបនេះ បាន​អះអាងថា​៖ «​កាលពី​ឆ្នាំ​២០១៩​កន្លងមក មាន​ភ្ញៀវទេសចរ​ជាង​២៣​ម៉ឺន​នាក់​បាន​មកលេង​កម្សាន្ត​នៅ​ខេត្តរតនគិរី​ដែល​ចំនួន​នេះ មានការ​កើនឡើង​៤,៣៤%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨»​។​

​បើតាម​លោក ថង សាវុន ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​២៣​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ជាតិ​ចំនួន​២០៦,៦៨២​នាក់ កើនឡើង ៤,៧៦​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២៥,១៩១​នាក់​កើនឡើង ១,១​ភាគរយ​។​

​ដ្បិត​ខេត្តរតនគិរី កំពុងមាន​សក្ដានុពល​ទេសចរណ៍​ក្តី ប៉ុន្តែ​នៅត្រឹម​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ក៏​ទទួលរង​នៅ​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដូច​បណ្ដា​ខេត្ត​ដទៃទៀត​ដែរ​។ ក្នុងនោះ​សេវាកម្ម​កម្សាន្ត​មួយចំនួន​ដូចជា មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ និង​កន្លែង​ម៉ាស្សា ត្រូវបាន​ផ្អាក ដែល​ធ្វើឱ្យ​បុគ្គលិក​បម្រើសេវា​កម្មនេះ និង​ផ្នែក​ផ្សេងៗ​ទៀត​ប្រមាណ​២០​ភាគរយ បាន​បាត់បង់​ការងារ​។ នេះ​បើតាម​អភិបាលខេត្ត​រតនគិរី​៕

ព័ត៌មានទាក់ទង