មន្ត្រីឧទ្យាននុរក្ស រឹបអូសកាំភ្លើងកែច្នៃ ១៦៥ដើមពីព្រានព្រៃនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ
កោះកុង៖ រយៈពេល១៨ខែ គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដកហូតកាំភ្លើងកែច្នៃចំនួន១៦៥ដើម ពីព្រានព្រៃដែលបរបាញ់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់។
លោក នេត្រ ភក្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា៖ «កាំភ្លើងកែច្នៃគឺជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ហើយអ្នកកែច្នៃនិងអ្នកប្រើប្រាស់ សុទ្ធតែមានទោសដូចគ្នា។ អាជ្ញាធរមូលដ្ឋាន និងឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះអប់រំ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិឲ្យយល់ច្បាស់ពីការប្រើប្រាស់អាវុធខុសច្បាប់ត្រូវប្រឈមមុខច្បាប់»។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីអភិរក្ស និងការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃទាំងអស់នៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញនោះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីសម្ព័ន្ធមិត្តសត្វព្រៃ បានដាក់វេនគ្នាចុះល្បាតព្រៃជារៀងរាល់ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វ។ ជាមួយនឹងគ្នានេះ មន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ចាប់សត្វនានា ដើម្បីដោះចេញ និងបំផ្លាញចោលផងដែរ។
តាមរយៈរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបង្ហាញក្នុងដំណើរទស្សនកិច្ចដឹកនាំដោយលោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកកាសែតទៅកាន់តំបន់ការពារធម្មជាតិខេត្តកោះកុង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កាំភ្លើងកែច្នៃចំនួន៤៩២ដើម ត្រូវបានដកហូតពីពលរដ្ឋរស់នៅក្នុងតំបន់នោះ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ហើយកាំភ្លើងដែលដកហូតពីព្រានព្រៃ ក្នុងរយៈពេល១៨ខែ បានចំនួន១៦៥ដើម។ កាំភ្លើងកែច្នៃទាំងអស់នោះ មិនត្រឹមតែបាញ់សត្វព្រៃទេ តែវាក៏បានគំរាមគំហែងដល់មន្ត្រីឧទ្យានុរក្សក្នុងពេលចុះបំពេញបេសកម្មផងដែរ។
បញ្ជាក់ផងដែរថា តំបន់ដែលប្រើប្រាស់អាវុធកែច្នៃច្រើនជាងគេនៅកម្ពុជារួមមាន ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ពោធិ៍សាត និងកំពង់ស្ពឺ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com