ក្រសួងបរិស្ថាន ព្រមានចាត់វិធានការ ចំពោះការទិញ-លក់ផ្កាកេសរកូលព្រៃ ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាន ហាមការទិញ-លក់ ការដឹកជញ្ជូន និង ការប្រមូល ប្រភេទកេសរកូលព្រៃ (ផ្កាអ័រគីដេ) នៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងចាត់ទុក សកម្មភាពប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃពីតំបន់ការពារធម្មជាតិ គឺជាអំពើខុសច្បាប់ ដែលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ខែកក្កដា។
សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ជនខិលខូចមួយចំនួន បានបំផុសព័ត៌មាននៅក្នុងបណ្ដាញសង្គមអំពីតម្លៃកេសរកូលព្រៃ ដែលជាកត្តាជំរុញឲ្យមានការប្រមូលកេសរព្រៃនៅក្នុងតំបន់ការពារធម្មជាតិយ៉ាងអនាធិបតេយ្យ។ ការជួញដូរនេះ បណ្ដាលឲ្យប៉ះពាល់ប្រភេទកេសរកូលព្រៃ និងអាចឈានដល់ការផុតពូជទាំងស្រុងនូវប្រភេទកេសរកូលព្រៃមួយចំនួន។
សូមបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវកេសរកូលសុខអានភ្នំគូលែន មានកេសរកូល ជាង១៥០ប្រភេទ និងមានជាង ៣ពាន់ដើម ដោយក្នុងនោះ មានកេសគោល ៣ប្រភេទ ដែលជាប្រភេទបង្កាត់ពូជនាំចូលពីប្រទេសសិង្ហបុរី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com