ប្រយ័ត្ន! ប្រសិនបើកំពុងហើមពោះ ចៀសឱ្យផុតអាហារទាំងនេះ

13/07/2020 7:00 am ភ្នំពេញ

ប្រសិនបើកំពុងមានអាការៈហើមពោះ អ្នកគួរប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួនដើម្បីចៀសវាងបញ្ហាកាន់តែអាក្រក់ឡើង។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារគួរចៀសវាងកំឡុងពេលកំពុងហើមពោះ ៖


១. សណ្ដែក
 
ទោះបីជាមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតល្អៗ ប្រូតេអ៊ីន ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗក៏ពិតមែន ប៉ុន្តែសណ្ដែកក៏ជាប្រភពនៃជាតិស្ករមួយប្រភេទដែលបង្កើនជាតិហ្គាសក្នុងពោះវៀន។ អ្នកទទួលទានសណ្ដែកច្រើនប៉ុណ្ណោះ អាការៈហើមពិបាកក្នុងពោះកាន់តែខ្លាំងឡើងប៉ុននោះ។ ការត្រាំនិងចម្អិនសណ្ដែកឱ្យឆ្អិនល្អអាចជួយទប់ស្កាត់បញ្ហាហើមពោះគួរឱ្យកត់សម្គាល់។
 
២. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
 
ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនធម្មតាមួយចំនួនក្រោយពេលទទួលទានទឹកដោះគោ ឬអ្វីដែលផ្សំឡើងពីវានោះមានន័យថាអ្នកកំពុងចាញ់ឡាក់តូសហើយ។ ប្រព័ន្ធរំលាយអាហារគ្មានសមត្ថភាពក្នុងការរំលាយឡាក់តូសជាតិស្ករមួយប្រភេទដែលមានផ្ទុកក្នុងទឹកដោះគោ។ ជាលទ្ធផលអ្នកអាចជួបប្រទះអាការៈហើមពោះ រាគ និងលើសហ្គាស។
 
៣. បន្លែប្រភេទ Cruciferous
 
រួមបញ្ចូលទាំងស្ពៃក្ដោប ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងពន្លកផ្កាស្ពៃជាដើមសុទ្ធតែអាចបង្កបញ្ហាកើនជាតិហ្គាសលើសលុបក្នុងពោះវៀនដែលបណ្ដាលឱ្យហើមពោះ។ ទោះជាយ៉ាងណាការទទួលទានបន្លែប្រភេទ Cruciferous ដែលចម្អិនឆ្អិនអាចជួយបន្ថយអាការៈហើមពោះ។
 
៤. ផ្លែប៉ោម
 
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ព្រមទាំងជាតិស្ករ fructose ដែលជាមូលហេតុអាចបង្កអាការៈហើមពោះ៕
 
ត្រួតពិនិត្យដោយ www.health.com.kh
 

 

ព័ត៌មានទាក់ទង