កសិករ ១ពាន់គ្រួសារនៅបាត់ដំបង នឹងមានទីផ្សារស្រូវក្រអូបបន្ថែម

12/07/2020 3:00 pm បាត់ដំបង

សមាជិកសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តបាត់ដំបង ស្មើនឹងជាង ១ពាន់គ្រួសារបាន​​ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអេមរុរ៉ាយ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) ដូចជា ស្រូវសែនក្រអូប និងស្រូវផ្ការំដួល។  នេះបើតាមគេហទំព័រផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។



ការចុះកិច្ចសន្យានេះ ជាស្ពានសម្រាប់ចាប់ផ្តើមនៃការកសាងទំនុកចិត្តរវាង សហគមន៍កសិកម្ម និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតទីផ្សារស្រូវមួយដែលមាននិរន្តរភាពពិតប្រាកដសម្រាប់ប្រជាកសិករ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវ។ 

តាមប្រភពដដែល សហគមន៍ទាំង៨ នោះមានវិសាលភាពអាចផលិតស្រូវបានចំនួន ១៨ ០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវពូជសែនក្រអូប និងផ្ការំដួលចំនួន ៤ ៥៤៤ហិតា។ ខេត្តបាត់ដំបងមានសហគមន៍កសិកម្មសរុបចំនួន ៨២ ដែលបង្ហាញឲ្យឃើញពីសក្តានុពលខ្ពស់ សម្រាប់រោងម៉ាស៊ីនកិនស្រូវផ្សេងទៀត ដើម្បីចាប់ដៃគូក្នុងការផលិត ផ្គត់ផ្គង់ និងទិញស្រូវជាមួយសហគមន៍កសិកម្មទាំងនោះ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់សហគមន៍ដែលមិនទាន់មានដៃគូចុះកិច្ចសន្យាកសិកម្ម ឲ្យរកដៃគូ ឬអាចទាក់ទងមកសហព័ន្ធស្រូវអង្ករកម្ពុជាដោយផ្ទាល់ ដើម្បីសម្របសម្រួលជូនកសិករ។ សហព័ន្ធស្រូវអង្ករកម្ពុជាមិនបានបញ្ជាក់នោះទេពីបរិមាណ និងគោលដៅក្នុងការនាំចេញស្រូវទាំងនោះ។

សូមបញ្ជាក់ថានៅឆមាសទី១ ឆ្នាំ២០២០ កម្ពុជាមានការនាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ៦ខែបន្ទាប់ អាចសម្រេចបាន ៤៥ម៉ឺនតោនទៀត៕ 

 

ព័ត៌មានទាក់ទង