ត្រី​ចង្វា​អង្គរ​៖ អ្នកវិទ្យាសាស្ត្រ​រកឃើញ​វា​ដំបូង​នៅ​តំបន់​អង្គរ ទើប​ដាក់ឈ្មោះថា «​ត្រី​ចង្វា​អង្គរ​»

27/04/2022 3:40 pm ភ្នំពេញ

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលមាន​រស់នៅក្នុង​ទឹកសាប​នៃ​ទន្លេមេគង្គ អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ឧបទ្វីប​ម៉ាឡាយូ​ក្នុង​តំបន់​អាស៊ី​។​



​ត្រី​ចង្វា​អង្គរ មានឈ្មោះ​វិទ្យាសាស្ត្រ (Garra cambodgiensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Stonelapping minnow មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ១៥ ស​.​ម​។ ត្រី​ចង្វា​អង្គរ មាន​រស់នៅក្នុង​ទីជម្រក​ដែល​នៅ​បាត​ក្រោម​មាន​ថ្ម និង​ទឹក​ជួរ ជាពិសេស តំបន់ភ្នំ​ដែលមាន​ទឹកធ្លាក់​ហូរ​ចូល​អូរ ឬ​ស្ទឹង​។ ជា​ប្រភេទ​ត្រី​ដែល​គ្មាន​តម្លៃ​សេដ្ឋកិច្ច ត្រី​ចង្វា​អង្គរ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដំបូង​នៅ​តំបន់​អង្គរ ទើប​គេ​សន្ម​ត់​ដាក់ឈ្មោះ​វា​ថា «​ត្រី​ចង្វា​អង្គរ​» តែម្តងទៅ​។ ត្រី​ចង្វា​អង្គរ មាន​បី​ប្រភេទ​គឺ​៖ ១-​ត្រី​ចង្វា​អង្គរ  ២- ត្រី​ចង្វា​អង្គរ​ភ្នំ និង ៣-​ត្រី​ចង្វា​អង្គរ​មុខ​ពីរ​។ ត្រី​ប្រភេទ​នេះ ស៊ី​ប្លង់តុង​សត្វ ប្លង់តុង​រុក្ខជាតិ និង​សត្វល្អិត​ជា​អាហារ​។ ត្រី​ចង្វា​អង្គរ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Least Concern (LC)  ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែលថា វា​នឹង​អាច​ឈានទៅ​ផុត​ពូជ​នោះ​។​
 
 
​លក្ខណៈ​សម្គាល់​៖  
​ព្រុយ​ខ្នង​គ្មាន​ទ្រនុង​រឹង តែមាន​ទ្រនុង​ទន់​ចំនួន​៨​ទ្រនុង មាន​ឆ្នូត​កាត់​ទទឹង​។ មាន​ពុកមាត់​។ បបូរមាត់​ស្ថិតនៅ​ផ្នែក​ខាងក្រោម រាង​មូល​សំប៉ែត​។ មាន​ឆ្នូត​ខ្មៅ​ស្ថិតនៅ​ចំ​ខ្សែ​ឆ្នូត​ចំហៀង​ដងខ្លួន​។ ស្រកា​នៅលើ​ខ្សែ​ឆ្នូត​ចំហៀង​ដងខ្លួន​មាន​ចំនួន ៣២-៣៥ ស្រកា​។ មាន​ដុំ​ពក​តូចៗ នៅ​ចន្លោះ​ពី​មាត់​ដល់​ភ្នែក​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖
​ការបាត់បង់​ទីជម្រក និង​ការនេសាទ​ហួស​កម្រិត គឺជា​កត្តា​គម្រាមកំហែង​ដ៏​មាន​សក្តានុពល​ដល់​ពួកវា​។ ប៉ុន្តែ ត្រី​ប្រភេទ​នេះ ពុំមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ឡើយ នាពេល​បច្ចុប្បន្ននេះ​។​



ព័ត៌មានទាក់ទង