ញ៉ាំ​ពង​ទា​កូន​យូរហើយ​មាន​ដឹងថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្វីខ្លះ​អត់​?

10/07/2020 8:00 am ភ្នំពេញ

ពង​ទា​កូន​គឺជា​អាហារ​ដ៏​ពេញនិយម​មួយ​ដែល​មិន​ត្រឹម​តែមាន​ក្នុងប្រទេស​កម្ពុជា​យើង​ទេ តែ​វា​ក៏មាន​ការពេញនិយម​ច្រើន​ក្នុង​បន្តា​ប្រទេស​អាស៊ី​មួយចំនួនទៀត​ដែរ​ដូចជា វៀតណាម និង​ចិន​ជាដើម​។ ពង​ទា​កូន​អាចជា​អាហារ​មួយ​ដែល​ពិបាក​នឹង​ញ៉ាំ​ដោយសារតែ​វា​មានកូន​ទា​ជិត​ញាស់​នៅក្នុង​នោះ ប៉ុន្តែ​របៀប​ដែល​ប្រជាជន​យើង​ញ៉ាំ​គឺ​តាមរយៈ​ការ​ស្ងោ ឬ​យកទៅ​បំពង​ជាដើម​។​



​ពិតណាស់​ក្រៅពី​មានឱជារស​ឆ្ងាញ់ តើ​អ្នកមាន​ដឹង​ទេ​ថា ពង​ទា​កូន​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​មនុស្ស​យើង​ទៅ​?

​បង្កើន​ទំហំ​សាច់ដុំ​

​ពង​ទា​កូន​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​មួយ​ដូចគ្នា​នឹង​ស៊ុតទា​ដែរ​។ រាល់​ការ​ញ៉ាំ​ពង​ទា​កូន​ម្តងៗ វា​នឹង​ផ្តល់នូវ​អាស៊ីតអាមីណេ​សាងសង់​សាច់ដុំ​ដល់​រាងកាយ​របស់​មនុស្ស​យើង​។​

​ពង្រឹង​ដល់​ឆ្អឹង និង​ធ្មេញ​

​រាល់​ការ​ញ៉ាំ​អ្វីៗ​ទាំងអស់​នៅក្នុង​ពង​ទា​កូន វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ចំនួន​ជាតិ​កាលស្យូម​ដ៏​ល្អ​មួយ​ដែល​ជួយ​ពង្រឹង​ដល់​ឆ្អឹង និង​ធ្មេញ​របស់​អ្នក​។​

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​

​ជីវជាតិ​មួយ​ផ្សេងទៀត​ដែលមាន​ក្នុង​ពង​ទា​កូន​គឺ​ជាតិ​ដែក​។ ជាតិ​រ៉ែ​មួយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ដូច្នេះ​វា​ក៏​អាច​ទប់ស្កាត់​ការ​កង្វះ​គ្រាប់​ឈាម​ដោយសារតែ​ជាតិ​ដែក​មិន​គ្រប់​ផងដែរ​។​

​បន្ថយ​ការ​ញ៉ាំ​កាឡូរី​បន្ថែម​

​រាល់​ការ​ញ៉ាំ​ពង​ទា​កូន​ទាំងអស់​គឺមាន​កាឡូរី​មិន​ដល់ ២០០​កាឡូរី​ទេ​។ ដោយសារតែ​វា​អាចបំពេញ​តម្រូវការ​បា​ន ដូច្នេះ​វា​ក៏​ជួយ​ទប់ស្កាត់​ការ​ឃ្លាន​ខ្លាំង ហើយ​ក៏មាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​បានដែរ​។​

​អ្វីដែល​គួរ​ចងចាំ​គឺថា វា​មិន​ខុសគ្នា​នឹង​ស៊ុត​មាត់​ទេ គឺ​ពង​ទា​កូន​សម្បូរ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ណាស់​។ ជាពិសេស បើសិនជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា​ត្រូវ​តាមដាន​ការ​ញ៉ាំ​កូ​ឡេ​ស្តេ​រ៉ុល​នោះ យក​ល្អ​គួរតែ​ញ៉ាំ​ពង​ទា​កូន​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

ព័ត៌មានទាក់ទង