កសិករ​នៅ​ស្រុក​ពារាំង លោក ស៊ា​ង ឈឿន ចិញ្ចឹម​កង្កែប​ក្នុង​កង់ឡាន និង​តង់​

08/07/2020 2:00 pm ព្រៃវែង

ព្រៃវែង​៖ ជាទូទៅ​យើង​ធ្លាប់តែ​ឃើញ​ការចិញ្ចឹម​កង្កែប​នៅតាម​អាង ប៉ុន្តែ​កសិករ​ម្នាក់​នៅ​ខេត្តព្រៃវែង បែរជា​ចិញ្ចឹម​ក្នុង​កង់ឡាន និង​តង់​ទៅវិញ​។ លោក ស៊ា​ង ឈឿន ដែល​រស់នៅ​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង អះអាងថា ការចិញ្ចឹម​កង្កែប​ក្នុង​អាង​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​សម្រាប់​អ្នកមាន​ថវិកា​តិចតួច គួរ​ចិញ្ចឹម​ក្នុង​កង់ឡាន ព្រោះ​កង់ឡាន​មានតម្លៃ​ថោក ហើយ​ទុក​បាន​រាប់​ឆ្នាំ​។​



​ការចិញ្ចឹម​កង្កែប​នៅក្នុង​កង់ឡាន អាចមាន​ភាពងាយស្រួល​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ច្រើន និង​ទំហំ​ដី​ធំ​ទេ គឺមាន​ចន្លោះ​កន្លែង​ណា​ទំនេ​អាចដាក់​ចិញ្ចឹម​នៅ​កន្លែង​នោះ ដោយ​វា​ខុសប្លែក​ពី​ការចិញ្ចឹម​កង្កែប​នៅក្នុង​អាង​ដែល​ត្រូវការ​ចំណាយ​ថវិកា​អស់​ច្រើន និង​ត្រូវមាន​កន្លែង​ទូលាយ​សម្រាប់​សាងសង់​អាង​ចិ​ញ្ចឹ​។ នេះ​ជាការ​អះអាង​របស់លោក ស៊ា​ង ឈឿន​។ 



​លោក​បាន​បញ្ជាក់ថា លោក​ចិញ្ចឹម​តែ​កង្កែប​ដែល​ត្រូវ​បង្កាត់​ពូជ​ប៉ុណ្ណោះ​នៅក្នុង​កង់ឡាន សម្រាប់​កង្កែប​សាច់​ដែល​ត្រូវ​លក់​ចេញ​ដើម្បី​ឲ្យ​អ្នកទិញ​យកទៅ​បរិភោគ លោក​ដាក់​ចិញ្ចឹម​នៅក្នុង​តង់​។ តង់​ដែល​ចិញ្ចឹម​កង្កែប​ក្នុង​មួយតង់ លោក​ចំណាយ​អស់​ត្រឹម ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​អាច​ចិញ្ចឹម​កង្កែប​បាន​រហូតដល់​១​ពាន់​ក្បាល​។ 

​កង្កែប​នៅលើ​ទីផ្សារ​ទូទៅ​មានតម្លៃ​ប្រហែល​១​ម៉ឺន​២​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​សម្រាប់​កង្កែប​ក្នុង​កសិដ្ឋាន​របស់លោក ស៊ា​ង ឈឿន​អាច​លក់បាន​តម្លៃ​រហូតដល់​២​ម៉ឺន​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ 



​លោក​បាន​ប្រាប់ ThmeyThmey25 តាមរយៈ​ទូរ​សព្ទ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កង្កែប​របស់លោក​លក់បាន​ថ្លៃ​ហើយ​លក់​មិនដែល​សល់​នោះ គឺ​វា​មាន​រសជាតិ​ឆ្ងាញ់ ដោយសារ​វា​សុទ្ធតែ​កង្កែប​ញី​ដែល​បង្កាត់​ពូជ​ហើយ ទើប​ធ្វើ​ឲ្យ​កង្កែប​ទាំងនោះ​មាន​សាច់​ស្វិត​នឹងមាន​រស់ជាតិ​ឆ្ងាញ់​។ សម្រាប់​កង្កែប​ដែល​មិន​បង្កាត់​ពូជ​ពោលគឺ​កង្កែប ដែល​លោក​ចិញ្ចឹម​សម្រាប់​លក់​តែម្ដង​នោះ លោក​លក់បាន​តម្លៃ​មួយ​គីឡូក្រាម​១​ម៉ឺន​៥​ពាន់​រៀល​។​

សូម​ជម្រាប​ផងដែរ​ថា លោក ស៊ា​ង ឈឿន បានចាប់ផ្ដើម​ចិញ្ចឹម​កង្កែប​នៅក្នុង​កង់ឡាន និង​តង់​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​របស់លោក មាន​កង្កែប​សម្រាប់​បង្កា​ត់​ពូជ​លក់ ញី​៥​រយ​ក្បាល និង​ឈ្មោល​៤​រយ​ក្បាល ដោយ​កង្កែប​សម្រាប់​បង្កា​ត់​ពូជ​នេះ​មួយ​គីឡូ ២​ម៉ឺន​រៀល​៕


ព័ត៌មានទាក់ទង