លោក រស់ ផារិទ្ធ៖ «បន្លែសរីរាង្គរបស់ខេត្តស្វាយរៀង ត្រូវបានដាក់លក់នៅផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញ»
ភ្នំពេញ៖ ទិន្នផលកសិកម្មនៅក្នុងខេត្តស្វាយរៀង នៅតែមានការកើនឡើង ដោយមិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅកាន់ទីផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញទៀតផង។ នេះបើតាមលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តស្វាយរៀង» នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែកក្កដានេះ លោក រស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ប្រជាកសិករក្នុងខេត្តស្វាយរៀងបានធ្វើទំនើបកម្ម ពីការធ្វើកសិកម្មតាមបែបប្រពៃណីលក្ខណៈគ្រួសារ ដោយជំនួសមកវិញនូវការប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសកសិកម្មទំនើប។

បើតាមអភិបាលរងរូបនេះ ក្រៅពីការដំណាំស្រូវ កៅស៊ូ ស្ករអំពៅ ខេត្តស្វាយរៀង ក៏មានការដាំបន្លែសរីរាង្គនៅលើផ្ទៃដី ២១០ហិកតា ដែលអាចផ្ដល់ផលបានប្រមាណ ២៥០តោននៅក្នុងមួយឆ្នាំ។ លោក រស់ ផារិទ្ធ បន្តថា បន្លែសរីរាង្គទាំងនេះ ត្រូវបានគេនាំយកទៅលក់នៅតាមបណ្ដាផ្សារទំនើបធំៗ ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានប្រជាជន ៦១% ប្រកបរបរកសិកម្ម។ ខេត្តនេះមានផ្ទៃដីកសិកម្មសរុប ២១៣,០០១៤ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ធ្វើស្រែមាន ១៨៨,០០០ហិកតា(ស្រូវវស្សាមាន១៦៨,០០០ហិកតា ស្រូវប្រាំង២០,០០០ហិកតា) ក្រៅពីនេះសុទ្ធសឹងតែជាដំណាំបន្ទាប់បន្សំ និងដំណាំឧស្សាហកម្ម ដែលដាំដុះលក្ខណៈគ្រួសារ៕


-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

